ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីអ៊ីរ៉ង់ សង្ឃឹមថា ទីភ្នាក់ងារថាមពល បរមាណូអន្តរជាតិ អាចទទួលយកវិធីសាស្ត្រល្អ ចំពោះបញ្ហា នុយក្លេអ៊ែរអ៊ីរ៉ង់

តេហរ៉ង់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយ នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៣ថា លោក Ebrahim Raisi ប្រធានាធិបតីអ៊ីរ៉ង់ បានថ្លែងថា លោកសង្ឃឹមថា ទីភ្នាក់ងារថាមពល បរមាណូអន្តរជាតិ ហៅកាត់ថា (IAEA) អាចទទួលយកវិធីសាស្រ្ត “ប្រកបដោយវិជ្ជាជីវៈ” ចំពោះបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ និងការពារប្រទេសមួយចំនួន ពីការប៉ះពាល់ដល់ការសម្រេចចិត្ត របស់អង្គការឃ្លាំមើលនុយក្លេអ៊ែរ ។

គួរបញ្ជាក់ថា លោក Raisi បានធ្វើការកត់សម្គាល់ នៅក្នុងកិច្ចប្រជុំមួយជាមួយអគ្គនាយក នៃទីភ្នាក់ងារ IAEA លោក Rafael Grossi នៅក្នុងរដ្ឋធានី តេហរ៉ង់ ។ នេះបើយោងតាមរបាយការណ៍ នៅលើគេហទំព័រ របស់ការិយាល័យប្រធានាធិបតីបាន ឲ្យដឹងដូច្នេះ ។

លោកប្រធានាធិបតីបានថ្លែងថា ប្រទេសដូចជា អ៊ីស្រាអ៊ែល និងសហរដ្ឋអាមេរិក បានប្រើប្រាស់បញ្ហា នុយក្លេអ៊ែរជា “លេស” ដើម្បីដាក់សម្ពាធ បន្ថែមមកលើប្រជាជនអ៊ីរ៉ង់ ដោយចង្អុលបង្ហាញថា គឺសហរដ្ឋអាមេរិក ដែលបានរំលោភលើកិច្ចព្រមព្រៀង នុយក្លេអ៊ែរឆ្នាំ២០១៥ រវាងអ៊ីរ៉ង់ និងមហាអំណាចពិភពលោក ។

លោកបានកត់សម្គាល់ថា អ៊ីរ៉ង់មាន “កម្រិតខ្ពស់បំផុត” នៃកិច្ចសហប្រតិបត្តិការ ជាមួយទីភ្នាក់ងារ IAEA ដោយរំពឹងថា ទីភ្នាក់ងារនេះនឹងប្រាប់ការ ពិតអំពីកម្មវិធីនុយក្លេអ៊ែរ របស់អ៊ីរ៉ង់ ព្រមទាំងការប្តេជ្ញាចិត្តរបស់ប្រទេសនេះ ចំពោះបទប្បញ្ញត្តិរបស់ខ្លួន ។

ទន្ទឹមនឹងនោះដែរ ប្រធាន IAEA បានសម្តែងនូវសេចក្តីរីករាយ ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសអ៊ីរ៉ង់ និងបានជួបជាមួយប្រធានាធិបតី របស់ប្រទេសនេះ ដោយថ្លែងថា ក្រុមការងាររបស់ IAEA ដែលដឹកនាំដោយខ្លួនគាត់មានកិច្ចប្រជុំ “ស្ថាបនា និងវិជ្ជមាន” ជាមួយភាគីអ៊ីរ៉ង់ ៕

To Top