ព័ត៌មានអន្តរជាតិ

អាមេរិក ដាក់ពង្រាយយន្តហោះ ទម្លាក់គ្រាប់បែក B-52H សមត្ថភាពនុយក្លេអ៊ែរ ក្នុងសមយុទ្ធជាមួយ កូរ៉េខាងត្បូង

បរទេស៖ ក្រសួងការពារជាតិ កូរ៉េខាងត្បូង បាននិយាយថា សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បានធ្វើសមយុទ្ធ លើអាកាសរួមគ្នាកាលពីថ្ងៃចន្ទ នៅក្នុងសមុទ្រភាគខាងលិច នៃឧបទ្វីបកូរ៉េ ដោយមន្ទីរបញ្ចកោណ បានដាក់ពង្រាយយន្តហោះទម្លាក់គ្រាប់បែក យុទ្ធសាស្ត្រ B-52H ដែលមានសមត្ថភាព នុយក្លេអ៊ែរទៅចូលរួមផងដែរ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងដោយ​ផ្អែកតាមក្រសួងការពារជាតិកូរ៉េខាងត្បូងថា សមយុទ្ធនេះត្រូវបានធ្វើឡើងនៅពីលើដែនទឹកនៃសមុទ្រលឿង ដោយយន្តហោះទម្លាក់គ្រាប់បែកបានហោះហើរជាមួយយន្តហោះចម្បាំង F-15K និង KF-16 របស់កូរ៉េខាងត្បូង។ យោធាកូរ៉េខាងត្បូងបានកត់សម្គាល់ថា ព្រឹត្តិការណ៍នេះបានកើតឡើងត្រឹមតែបីថ្ងៃបន្ទាប់ពីសហរដ្ឋអាមេរិកបានបញ្ជូនយន្តហោះទម្លាក់គ្រាប់បែកធុនធ្ងន់ B-1B ទៅកាន់តំបន់។

យោធាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ការដាក់ពង្រាយយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ B-52H របស់អាមេរិកទៅកាន់ឧបទ្វីបកូរ៉េ បង្ហាញពីការសម្រេចចិត្ត និងសមត្ថភាពដ៏លើសលប់របស់សម្ព័ន្ធមិត្ត ដើម្បីរារាំង និងឆ្លើយតបទៅនឹងការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង” ។

មន្ទីរបញ្ចកោណ ធ្លាប់បានដាក់ពង្រាយយន្តហោះទម្លាក់គ្រាប់បែក B-52H ទៅកាន់ឧបទ្វីបកូរ៉េកាលពីខែធ្នូឆ្នាំមុន ដោយការបង្ហាញកម្លាំងថ្មីនឹងមកដល់មុនសមយុទ្ធរួមគ្នាដ៏ធំរវាងអាមេរិក និងកូរ៉េខាងត្បូង Freedom Shield ដែលគ្រោងនឹងធ្វើឡើងចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី ២៣ ខែមីនា។ សមយុទ្ធនេះត្រូវបានកំណត់ក្លាយជាសមយុទ្ធរួមដ៏ធំបំផុតក្នុងរយៈពេលយ៉ាងតិចប្រាំឆ្នាំ ហើយនឹងមានការហ្វឹកហ្វឺនពីលើអាកាស ក៏ដូចជាការចុះចតលើទឹក៕

ប្រែសម្រួលៈ ណៃ តុលា

To Top