ព័ត៌មានអន្តរជាតិ

អាមេរិក ​គាំទ្រ​ផែនការ​របស់​កូរ៉េ​ខាងត្បូង ​ក្នុង​ការ​បញ្ចប់​ជម្លោះ​ការងារ​ ក្នុង​សម័យ​សង្គ្រាម​ជាមួយ​ជប៉ុន

វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក បានបន្តបង្ហាញពីការគាំទ្រដ៏រឹងមាំរបស់ខ្លួន ចំពោះផែនការរបស់រដ្ឋាភិបាលកូរ៉េខាងត្បូង ដើម្បីបញ្ចប់ជម្លោះដ៏រ៉ាំរ៉ៃជាមួយប្រទេសជប៉ុន ជុំវិញការងារក្នុងសម័យសង្គ្រាម ទោះបីជាមានការប្រតិកម្ម តបភ្លាមៗពីជនរងគ្រោះ និងអ្នកគាំទ្ររបស់ពួកគេក៏ដោយ។

នៅកំពូលនៃសន្និសីទសារព័ត៌មានរបស់គាត់ អ្នកនាំពាក្យក្រសួងការបរទេសលោក Ned Price បានសាទរចំពោះផែនការនេះ ហើយបានលើកឡើងថា សហរដ្ឋអាមេរិកនឹង “លើកទឹកចិត្ត” សម្ព័ន្ធមិត្តអាស៊ីដ៏សំខាន់ពីររបស់ខ្លួន ក្នុងការកសាងជំហានដើម្បី បង្កើនទំនាក់ទំនងរបស់ពួកគេ។

ការអត្ថាធិប្បាយរបស់លោក បានកើតឡើងមួយថ្ងៃបន្ទាប់ពី ការប្រកាសរបស់កូរ៉េខាងត្បូង អំពីការសម្រេចចិត្តរបស់ខ្លួន ក្នុងការផ្តល់សំណងដល់កម្មករ ក្នុងសម័យសង្រ្គាមនៅក្រោមអាណានិគម របស់ប្រទេសជប៉ុនឆ្នាំ១៩១០-១៩៤៥ តាមរយៈមូលនិធិរដ្ឋាភិបាលជាមួយនឹង ការបរិច្ចាគពីក្រុមហ៊ុនកូរ៉េខាងត្បូង។ អ្នក​ប្រឆាំង​នឹង​ចំណាត់ការ​នេះ​បាន​រិះគន់​វា​ថា ​ជា​លេស​ជប៉ុន​ពី​ការ​ទទួល​ខុស​ត្រូវ ​ចំពោះ​ការ​ប្រព្រឹត្ត​ខុស​កន្លង​មក។

នៅក្នុងសេចក្តីថ្លែងការណ៍ដែលចេញផ្សាយ ដោយសេតវិមានកាលពីល្ងាចថ្ងៃអាទិត្យ លោកប្រធានាធិបតី ចូ បៃដិន បានហៅផែនការនេះថាជា “ជំពូកថ្មីនៃកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរវាងសម្ព័ន្ធមិត្តជិតស្និទ្ធ បំផុតពីររបស់សហរដ្ឋអាមេរិក” ។

លោក បៃដិន បានលើកឡើងថា រដ្ឋាភិបាលសហរដ្ឋអាមេរិក បានត្រៀមខ្លួនរួចជាស្រេច ដើម្បីជួយដល់ប្រទេសជប៉ុន និងកូរ៉េខាងត្បូង ដើម្បីប្រែក្លាយ “ការយល់ដឹងថ្មីនេះ ទៅជាវឌ្ឍនភាពយូរអង្វែង” ហើយវិធានការដែលត្រូវអនុវត្ត ដោយប្រទេសទាំងពីរ នឹងជួយប្រទេសទាំង៣ ជំរុញ “ចក្ខុវិស័យរួមគ្នា សម្រាប់ឥណ្ឌូ-ប៉ាស៊ីហ្វិកដោយសេរី និងបើកចំហ”។

ការលើកឡើងនេះត្រូវបានគេមើលឃើញថា មានសារៈសំខាន់ដោយ រដ្ឋាភិបាលសហរដ្ឋអាមេរិក ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការត្រីភាគី ដើម្បីទប់ស្កាត់កម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង ក៏ដូចជាភាពជឿនលឿនផ្នែកយោធា និងបច្ចេកវិទ្យារបស់ប្រទេសចិនផងដែរ ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top