តូក្យូ៖ ប្រធានប្លុកតំបន់បានឲ្យដឹងថា មេដឹកនាំជប៉ុន និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ នឹងលើកកម្ពស់ជាផ្លូវការនូវ ទំនាក់ទំនងរបស់ពួកគេទៅជា “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ” នៅខែធ្នូ ក្នុងអំឡុងពេលកិច្ចប្រជុំកំពូល ពិសេសរំលឹកខួបអនុស្សាវរីយ៍ ៥០ឆ្នាំនៃមិត្តភាព និងកិច្ចសហប្រតិបត្តិការរបស់ពួកគេ។
ផែនការនេះកើតឡើង នៅពេលដែលសហរដ្ឋអាមេរិក និងចិន កាន់តែប្រជែងគ្នាដណ្តើមឥទ្ធិពល នៅអាស៊ីអាគ្នេយ៍។ វាធ្វើតាមប្រទេសទាំងពីរធ្វើឱ្យប្រសើរឡើង នូវទំនាក់ទំនងរបស់ពួកគេជាមួយអាស៊ាន ទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ គឺប្រទេសចិន នៅឆ្នាំ២០២១ និងសហរដ្ឋអាមេរិកនៅឆ្នាំ ២០២២។
អគ្គលេខាធិការអាស៊ាន លោក កៅ គឹមហួន បានប្រាប់កាសែត Kyodo News ក្នុងបទសម្ភាសន៍មួយថា “មានការពិភាក្សាជាច្រើនរួចទៅហើយ អំពីការធ្វើឱ្យប្រសើរឡើង ដែលបានគ្រោងទុក ហើយយើងរំពឹងថា នឹងកើតឡើងក្នុងអំឡុងពេលកិច្ចប្រជុំកំពូលពិសេស នៅទីក្រុងតូក្យូក្នុងខែធ្នូ” ។
ដោយឡែកប្រទេសជប៉ុន បាននិងកំពុងព្យាយាមជំរុញ ទំនាក់ទំនងរបស់ខ្លួនជាមួយ សមាជិកអាស៊ានទាំង១០ នៅពេលដែលសមាជិកមួយចំនួននៃប្លុកនេះ មានការប្រុងប្រយ័ត្នកាន់តែខ្លាំងឡើង ប្រឆាំងនឹងការអះអាងរបស់ទីក្រុងប៉េកាំង នៅក្នុងសមុទ្រចិនខាងកើត និងខាងត្បូង។ ប្រទេសអាស៊ានចំនួនបួនដូចជា ប្រ៊ុយណេ ម៉ាឡេស៊ី ហ្វីលីពីន និងវៀតណាម បានទាមទារទឹកដីត្រួតស៊ីគ្នាជាមួយចិន និងតៃវ៉ាន់។
លោកបានលើកឡើងថា “យើងបានឃើញហើយថាប្រទេសជប៉ុន កំពុងធ្វើការ” លើការកើនឡើងដែលបានគ្រោងទុក។ លោកថា “អាស៊ាន និងជប៉ុន សង្ឃឹមថា “នឹងមានបញ្ជីនៃការចែកចាយដ៏ល្អ” ។
លោកបានសង្កត់ធ្ងន់ថា អាស៊ានបានយល់ព្រមធ្វើឱ្យប្រសើរឡើង នូវទំនាក់ទំនងជាមួយជប៉ុន ដោយសារប្រទេសនេះតាមដានការគាំទ្រ ការចូលរួម និងកិច្ចសហប្រតិបត្តិការលើវិស័យដូចជា ជំនួយមនុស្សធម៌ ជំនួយសង្គ្រោះគ្រោះមហន្តរាយ និងសន្តិសុខដែនសមុទ្រ ៕
ប្រែសម្រួល ឈូក បូរ៉ា