ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង លើកឡើងពីឱកាសពិតប្រាកដ របស់សង្គ្រាមនុយក្លេអ៊ែរ និងថា អាមេរិកកំពុងរៀបចំ សម្រាប់សង្រ្គាមជាមួយខ្លួន

បរទេស៖ កូរ៉េខាងជើងបានព្រមាន អំពីការគំរាមកំហែង “ប្រាកដនិយម” នៃជម្លោះនុយក្លេអ៊ែរ បន្ទាប់ពីសមយុទ្ធយោធាអាមេរិក និងកូរ៉េខាងត្បូង នៅជុំមួយទៀតចាប់ផ្តើម ដោយព្យាករណ៍ពី “ការកើនឡើងមហន្តរាយ” នៅក្នុងតំបន់។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា ក្រសួងការបរទេសកូរ៉េខាងជើង បានចេញសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអង្គារបានថ្កោលទោស សមយុទ្ធផ្លូវអាកាសរួមគ្នានាពេលថ្មីៗនេះ រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងសេអ៊ូល ដែលពាក់ព័ន្ធយ៉ាងហោចណាស់ យន្តហោះទម្លាក់គ្រាប់បែក B-52 ដែលមានសមត្ថភាពនុយក្លេអ៊ែរ របស់សហរដ្ឋអាមេរិក ដោយក្រសួងការបរទេសកូរ៉េខាងជើងនិយាយថា សមយុទ្ធនេះគឺមិនគ្រាន់តែបង្កើនហានិភ័យ នៃជម្លោះនៅលើឧបទ្វីបកូរ៉េប៉ុណ្ណោះទេ។

ក្រសួងបាននិយាយដោយបន្ថែមថា «ដោយសារតែសកម្មភាពមិន ទទួលខុសត្រូវរបស់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ដែលកំពុងផ្តោតតែលើការការបង្ហាញអាវុធ ប្រដាប់អាវុធដែលជាអ្នកចូលចិត្តសង្គ្រាម ដែលវាផ្ទុយទៅនឹងការចង់បានរបស់ សហគមន៍អន្តរជាតិសម្រាប់ ការបន្ធូរបន្ថយភាពតានតឹង និងស្ថិរភាពនយោបាយ ហានិភ័យនៃសង្គ្រាមនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ កំពុងផ្លាស់ប្តូរពីដំណាក់កាល ស្រមើស្រមៃទៅជាភាពប្រាកដនិយម» និងថា សមយុទ្ធនេះ “ច្បាស់ណាស់” បង្ហាញថា សហរដ្ឋអាមេរិកកំពុងរៀបចំ សម្រាប់សង្រ្គាមជាមួយកូរ៉េខាងជើង។

សមយុទ្ធប្រយុទ្ធរួមគ្នាស្រដៀងគ្នានេះ ក៏ត្រូវបានចាប់ផ្តើមកាលពី ថ្ងៃសុក្រសប្តាហ៍មុនផងដែរ រួមទាំងយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ B-1B របស់អាមេរិក ខណៈសមយុទ្ធមួយផ្សេងទៀត នឹងត្រូវធ្វើឡើងនៅសប្តាហ៍ក្រោយ ដើម្បីក្លែងធ្វើការឆ្លើយតបរបស់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងចំពោះការវាយប្រហារ ដោយមីស៊ីលរបស់កូរ៉េខាងជើង។ ជាងនេះទៅទៀត ចាប់ផ្តើមនៅថ្ងៃទី ១៣ ខែមីនា សម្ព័ន្ធមិត្តទាំងពីរនឹងធ្វើសមយុទ្ធ ដ៏ធំបំផុតនៅក្នុងតំបន់ក្នុងរយៈពេល ៥ ឆ្នាំ ដែលនឹងបន្តរយៈពេល ១១ ថ្ងៃ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top