បរទេស៖ សារព័ត៌មាន New York Times បានរាយការណ៍កាលពីថ្ងៃអង្គារ ដោយដកស្រង់សម្តីមន្ត្រីអាមេរិក ដែលមិនបញ្ចេញអត្តសញ្ញាណថា ព័ត៌មានចារកម្មថ្មីដែលមិនបានបញ្ជាក់ គឺបាន “ផ្តល់យោបល់ថា ក្រុមគាំទ្រអ៊ុយក្រែន” គឺជាអ្នកនៅពីក្រោយការវាយប្រហារ ទៅលើបំពង់បង្ហូរប្រេង Nord Stream កាលពីខែកញ្ញា ឆ្នាំ ២០២២។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា ប្រភពមិនបញ្ចេញឈ្មោះរបស់ New York Times បាននិយាយថា ពួកគេ«ជឿថា អ្នកបំផ្លិចបំផ្លាញទំនងជាមានអ៊ុយក្រែន ឬរុស្ស៊ី ឬការរួមគ្នាខ្លះនៃអ្នកទាំងពីរ» ហើយថា «គ្មានអាមេរិក ឬអង់គ្លេសណាម្នាក់ពាក់ព័ន្ធឡើយ»។ ពួកគេបាននិយាយទៀតថា ពួកគេគ្មានភស្តុតាងដែលថា ប្រធានាធិបតីអ៊ុយក្រែនលោកវ្ល៉ាឌីមៀ ហ្សេលេនស្គី ឬ«ឧត្តមសេនីយ»របស់គាត់ ជាប់ពាក់ព័ន្ធឬថា «មន្ត្រីរដ្ឋាភិបាលអ៊ុយក្រែនណាមួយ» ដឹកនាំការវាយប្រហារនោះទេ។
មន្ត្រីអនាមិកមិនអាចនិយាយបានថា អ្នកណាជាអ្នកដឹកនាំ ឬបង់ប្រាក់សម្រាប់ “ប្រតិបត្តិការ” វាយប្រហារនោះ ហើយបាននិយាយថា វាអាចទៅរួច ថា ការវាយប្រហារ “អាចត្រូវបានធ្វើឡើងដោយកងកម្លាំងប្រូកស៊ី ដែលមានទំនាក់ទំនងជាមួយរដ្ឋាភិបាលអ៊ុយក្រែន ឬសេវាកម្មសន្តិសុខរបស់ខ្លួន”។
មន្ត្រីអនាមិកបានអះអាងថា គ្រាប់បែកដែលបំបែកខ្សែបំពង់បី ក្នុងចំណោមបួននៅបាតសមុទ្របាល់ទិកគឺ ជាទង្វើ “ទំនងបំផុត” ដោយអ្នកមុជទឹកដែលមានបទពិសោធន៍ “ដែលហាក់ដូចជាមិនធ្វើការឱ្យយោធា ឬសេវាស៊ើបការណ៍សម្ងាត់” ប៉ុន្តែប្រហែលជាបានទទួល “ការបណ្តុះបណ្តាលជំនាញ របស់រដ្ឋាភិបាល នាពេលកន្លងមក” ៕
ប្រែសម្រួលៈ ណៃ តុលា