ស៊ីដនី៖ អូស្ត្រាលី ត្រូវបានគេរំពឹងថា នឹងទិញនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរថ្នាក់រដ្ឋ Virginia ចំនួន ៥ គ្រឿងរបស់សហរដ្ឋអាមេរិក នៅក្នុងទសវត្សរ៍ឆ្នាំ២០៣០ ដែលជាផ្នែកនៃកិច្ចព្រមព្រៀងសន្តិសុខប៉ាស៊ីហ្វិកដ៏សំខាន់ជាមួយសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស នេះបើយោងតាមការឲ្យដឹងពីមន្ត្រីអាមេរិក ៤នាក់។
នៅក្រោមកិច្ចព្រមព្រៀង AUKUS យ៉ាងហោចណាស់នាវាមុជទឹកអាមេរិកមួយគឿងនឹងទៅទស្សនាកំពង់ផែអូស្ត្រាលី ក្នុងប៉ុន្មានឆ្នាំខាងមុខ ហើយនៅចុងទសវត្សរ៍ឆ្នាំ២០៣០ នាវាមុជទឹកប្រភេទថ្មី នឹងត្រូវបានសាងសង់ឡើងជាមួយនឹងការរចនារបស់ចក្រភពអង់គ្លេស និងបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិក។
នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese នឹងជួបជាមួយប្រធានាធិបតីអាមេរិកលោក ចូ បៃដិន និងនាយករដ្ឋមន្ត្រីអង់គ្លេស Rishi Sunak នៅ San Diego កាលថ្ងៃចន្ទ ដើម្បីបង្ហាញពីជំហានបន្ទាប់របស់ AUKUS ។
កតិកាសញ្ញាសន្តិសុខប៉ាស៊ីហ្វិកបានប្រកាសជាលើកដំបូងនៅក្នុងខែកញ្ញា ឆ្នាំ២០២១ ត្រូវបានគេមើលឃើញថា ជាការប៉ុនប៉ងដើម្បីប្រឆាំងនឹងការកើនឡើងនៃកម្លាំង និងជំហររឹងមាំរបស់ចិននៅក្នុងតំបន់ ហើយបានទាញការថ្កោលទោសពីទីក្រុងប៉េកាំង។
មន្ត្រីពីររូបដែលឲ្យដឹងក្នុងលក្ខខណ្ឌ មិនបញ្ចេញឈ្មោះបានឲ្យដឹងថា បន្ទាប់ពីដំណើរទស្សនកិច្ចកំពង់ផែប្រចាំឆ្នាំ សហរដ្ឋអាមេរិកនឹងដាក់ពង្រាយ នាវាមុជទឹកមួយចំនួននៅតំបន់ភាគខាងលិចអូស្ត្រាលី នៅប្រហែលឆ្នាំ២០២៧ ។
នៅដើមទសវត្សរ៍ឆ្នាំ២០៣០ អូស្ត្រាលីនឹងទិញនាវាមុជទឹកថ្នាក់ Virginia ចំនួន ៣គ្រឿង និងមានជម្រើសទិញពីរបន្ថែមទៀត នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មាន អាល់ហ្សហ្សីរ៉ា។
អូស្ត្រាលី មានកងនាវា ដែលមានស្រាប់នៃនាវាមុជទឹក Collins-class ដើរដោយថាមពលធម្មតាចំនួន ៦គ្រឿង ដែលនឹងមានរយៈពេល សេវាកម្មរហូតដល់ឆ្នាំ២០៣៦ ។ នាវាមុជទឹកនុយក្លេអ៊ែរអាចស្នាក់នៅក្រោមទឹក បានយូរជាងនាវាធម្មតា ហើយពិបាកក្នុងការស្វែងរកវាឃើញណាស់៕
ប្រែសម្រួល ឈូក បូរ៉ា