បរទេស៖ រដ្ឋមន្ត្រីថាមពល របស់ប្រទេសអ៊ុយក្រែន បាននិយាយ នៅព្រឹកថ្ងៃព្រហស្បតិ៍ថា ហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ុយក្រែន បានរងការវាយប្រហារ នៅក្នុងតំបន់ចំនួនប្រាំពីរ។ ចំណែកមេបញ្ជាការយោធា កំពូល របស់រដ្ឋាភិបាលទីក្រុងគៀវ បាននិយាយថា រុស្ស៊ីបានបាញ់មីស៊ីលជាង ៨០ គ្រាប់ទៅកាន់គោលដៅ ក្នុងប្រទេសអ៊ុយក្រែន។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា យោងតាមរដ្ឋមន្ត្រីថាមពលអាល្លឺម៉ង់ Galushko ទីតាំងដែលទាក់ទងនឹងថាមពលនៅតំបន់ kyiv, Nikolaev, Kharkov, Zaporozhye, Odessa, Dnepropetrovsk និងតំបន់ Zhitomir ត្រូវបានវាយប្រហារដោយមីស៊ីលរុស្ស៊ី។
តំបន់ Zaporozhye បានក្លាយជាផ្នែកមួយនៃប្រទេសរុស្ស៊ីកាលពីឆ្នាំមុន បន្ទាប់ពីការបោះឆ្នោតប្រជាមតិនៅទីនោះបានបង្ហាញពីការគាំទ្រដ៏លើសលប់។ រដ្ឋាភិបាលទីក្រុងគៀវបានច្រានចោលនូវការបោះឆ្នោតនោះ ដោយថាជា «ការបោកប្រាស់» ហើយនៅតែគ្រប់គ្រងផ្នែកខាងជើងរបស់ខ្លួន។
ឧត្តមសេនីយ Valery Zaluzhny អគ្គមេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បាននិយាយថា រុស្ស៊ីបានបាញ់មីស៊ីលសរុបចំនួន ៨១ គ្រាប់ រួមទាំង មីស៊ីល Kinzhal ចំនួន ៦ គ្រាប់ ព្រមទាំងយន្តហោះគ្មានមនុស្សបើក kamikaze ចំនួន ៨ គ្រឿង វាយប្រហារផងដែរ។ លោកបានអះអាងថា មីស៊ីលជាច្រើនគ្រាប់ត្រូវបានស្ទាក់ចាប់ ឬបង្វែរពីគោលដៅដែលគេបានគ្រោងទុក៕
ប្រែសម្រួលៈ ណៃ តុលា