សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ថា កម្មករនៅការដ្ឋានសំណង់ដេប៉ាឌឺម៉ង់ ១កន្លែង នៅក្នុងរដ្ឋធានីព្យុងយ៉ាងរបស់កូរ៉េខាងជើង បានរកឃើញគ្រាប់បែកជាង ១១០គ្រាប់ គ្រាប់មីន គ្រាប់បែកដៃ និងគ្រឿងផ្ទុះផ្សេងទៀតដែលខ្លួន បានលើកឡើងថា ជាអាវុធផលិតដោយអាមេរិក សេសសល់ពីសម័យសង្គ្រាមកូរ៉េ ។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋ ហៅកាត់ថា KCNA បានរាយការណ៍ថា ឧបករណ៍ទាំងនោះត្រូវបានរកឃើញ និងបោះចោលដោយអ្នកជំនាញ ជាមួយការិយាល័យសន្តិសុខ សាធារណៈទីក្រុងព្យុងយ៉ាង ។
របាយការណ៍បានឲ្យដឹងថា “គ្រឿងផ្ទុះដែលរកឃើញនៅការដ្ឋានសំណង់ លំនៅឋានក្នុងតំបន់ Hwasong មានច្រែះ ប៉ុន្តែមានហានិភ័យ អាចផ្ទុះនៅពេលណាក៏បាន” ។
មេដឹកនាំ គីម ជុងអ៊ុន បានចាប់ផ្តើមគម្រោង សាងសង់ផ្ទះល្វែងថ្មីចំនួន ៥០.០០០ខ្នង នៅក្នុងទីក្រុងព្យុងយ៉ាង ដែលជាផ្នែកមួយនៃការជំរុញ លើកកម្ពស់ជីវភាពនៅក្នុងប្រទេសក្រីក្រ ។
សេដ្ឋកិច្ចរបស់ប្រទេសនេះត្រូវបាន រារាំងដោយការបិទព្រំដែនដែល កំណត់ដោយខ្លួនឯងដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ គ្រោះមហន្តរាយធម្មជាតិ និងទណ្ឌកម្មអន្តរជាតិ សម្រាប់កម្មវិធីអាវុធនុយក្លេអ៊ែរ និងមីស៊ីលផ្លោងរបស់ខ្លួន ដែលសហរដ្ឋអាមេរិក បានលើកឡើងថា ទាញយកធនធានជាច្រើនលើសពី តម្រូវការរបស់មនុស្ស ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា