ភ្នំពេញ៖ តើមានប្រទេសណាខ្លះ ដែលខ្លាចបាឡុងចិនខ្លះ ខណៈលោកវ៉ាង យីរដ្ឋមន្ត្រីការបរទេសចិន សម្តែងការអស់សំណើច ចំពោះសហរដ្ឋអាមេរិកកំពុងរឿងមួយ។
យោងតាមវ៉េបសាយ Aljazeera បានឱ្យដឹងថា៖កាលពីថ្ងៃទី ៤ ខែកុម្ភៈ យន្តហោះចម្បាំងអាម៉េរិកមួយគ្រឿង បំពាក់ដោយមីស៊ីលប្រភេទ Sidewinder តម្លៃ ៤០ ម៉ឺនដុល្លារក្នុងមួយគ្រាប់ បានបាញ់ទម្លាក់បាឡុង ដែលសហរដ្ឋអាម៉េរិកអះអាងថាជា “បាឡុងចារកម្ម” នៅឆ្នេរនៃរដ្ឋ South Carolina។ តែបើយោងតាមចិន ឯណោះវិញបាឡុងនោះ គ្រាន់តែជាបាឡុងអាកាសធាតុ ដែលបានហោះខុសគន្លងប៉ុណ្ណោះ។ ប្រធានាធិបតី ចូ បៃដិនបដិសេធធ្វើការសុំទោស ចំពោះការបាញ់ទម្លាក់នេះ។
ចំណែកឯលោក វ៉ាង យីរដ្ឋមន្ត្រីការបរទេសចិន វិញបានឆ្លើយតបទៅកាន់អាម៉េរិក ដោយចាត់ទុកឥរិយាបថរបស់អាម៉េរិកថា “សឹងតែអស់សំណើច” និងបានជំរុញអាម៉េរិក “កុំឱ្យធ្វើរឿងមិនសមហេតុផលបែបនេះ ដោយគ្រាន់តែបង្វែរចំណាប់អារម្មណ៍ ពីបញ្ហាក្នុងស្រុករបស់ខ្លួន”។
ជាការពិតអាម៉េរិកជួបបញ្ហាក្នុងស្រុកជាច្រើន ដែលគ្រោះថ្នាកជាងឧបទ្ទេវហេតុ បាឡុងនេះទៅទៀត ដែលបញ្ហាទាំងនោះរួមមាន កង្វះខាតដំណើរការប្រព័ន្ធសុខាភិបាល ឬ/និង ប្រព័ន្ធអប់រំ រហូតដល់បញ្ហាផ្ទះសម្បែង និងការបាញ់ប្រហារក្នុងស្រុក ដូចកាលពីថ្ងៃទី ១៨ខែកុម្ភៈ ខ្មាន់កាំភ្លើងនៅទីក្រុងតូចមួយក្នុងរដ្ឋ Mississippi បានបាញ់ប្រហារលើមនុស្សចំនួន ៦នាក់ ដែលជាបញ្ហាមិនចេះចប់និងកំពុងបន្ត ប៉ុន្តែប្រទេសចិនបែរជាក្លាយ ទៅជាគ្រោះគំរាមកំហែងមកលើ សុខសុវត្ថិភាពនិងសន្តិសុខ របស់អាម៉េរិកទៅវិញ ។
ចិនបានសង្កត់ធ្ងន់ទៀតថា បើទោះជាបាឡុងចិន ធ្វើការងារចារកម្មជាជាងបេសកកម្មឧតុនិយម ប្រតិកម្មរបស់អាម៉េរិកក៏នៅតែ “មិនសមហេតុផល” ខណៈអាម៉េរិកមានកំណត់ត្រាចារកម្មលើ គ្រប់ប្រទេសទាំងអស់និងអ្វីៗទាំងអស់ នៅក្នុងពិភពលោក ដោយរួមបញ្ចូលទាំងការធ្វើចារកម្ម យ៉ាងគឃ្លើនមកលើប្រទេសចិន ចាប់តាំងពីសម័យសង្រ្គាម ត្រជាក់ដោយប្រើយន្តហោះ U-2 រហូតមកទល់គ្រាបច្ចុប្បន្ន ។
សិទ្ធិរបស់អាម៉េរិកធ្វើជាបងធំ ដោយឯកតោភាគីក៏ពង្រីក ទៅដល់ពលរដ្ឋអាម៉េរិកផងដែរ។ ឧទាហរណ៍ជាក់ស្តែង ទីភ្នាក់ងារសម្ងាត់ CIA ដែលបានធ្វើការងារទុច្ចរិតនៅឯបរទេស ក៏ធ្វើការចារកម្មលើប្រជាជនអាម៉េរិក ដោយគ្មានការត្រួតពិនិត្យលើការ បំពានលើសិទ្ធិឯកជនភាពនោះដែរ។ ក្រោយមកក៏មានទីភ្នាក់ងារ FBI ដែលមានប្រវត្តិរំលោភបំពាន លើអំណាចចារកម្មសន្តិសុខជាតិរបស់ខ្លួន ដូចជាការដាក់គោលដៅ លើក្រុមតវ៉ាអហិង្សានិងអ្នកប្រឆាំង នយោបាយជាមួយការ ការលួចស្ដាប់ដោយខុសច្បាប់ ការចូលឆែកឆេរដោយគ្មានដីកា និងល្បិចស្មោគគ្រោកជាច្រើនទៀត ក្នុងអំឡុងសង្រ្គាមត្រជាក់តាមរយៈកម្មវិធី COINTELPRO។
នៅក្នុងសង្រ្គាមប្រឆាំងភេរវកម្ម FBI ក៏បានបង្ហាញឆន្ទៈក្នុងការ ធ្វើទុក្ខបុកម្នេញសេរីភាពស៊ីវិលដូចជា ការបៀតបៀនលើសហគមន៍មូស្លីម ជាមួយការធ្វើចារកម្មដោយគ្មានដីកានិងល្បិចកលរាប់ជំពូកជាច្រើនទៀត។ ចុងក្រោយនោះគឺទីភ្នាក់ងារ NSA ដែលបានធ្វើការងារចារកម្មទ្រង់ទ្រាយធំ ដោយខុសច្បាប់ និងដោយសម្ងាត់លើប្រជាជនអាម៉េរិក ដោយរួមបញ្ចូលការស្ទាក់លួចស្តាប់ លើបណ្ដាញទំនាក់ទំនង ទូរស័ព្ទនិងអ៊ីនធឺណិត។
បច្ចុប្បន្ន បាឡុងនេះកំពុងធ្វើការវិភាគ នៅឯមន្ទីរពិសោធន៍មួយរបស់ FBI ។ ការភ្ញាក់ផ្អើលជុំវិញបាឡុងចិននេះ ក៏បន្សាបចោលនូវភេវកម្ម ដែនអាកាសដែលបានប្រព្រឹត្តដោយអាម៉េរិកនៅឯប្រទេសអាហ្វហ្គានីស្ថាន និងអ៊ីរ៉ាក់ជាមួយនឹងដ្រូន ។ ដូចនេះហើយនេះជាពេលវេលា ដើម្បីពិចារណាលើស្ថានភាពបច្ចុប្បន្នពេលដែលអាម៉េរិកប្រើយុទ្ធសាស្ត្រ បាញ់ទម្លាក់បាឡុងចិននិងបញ្ឆេះ អារម្មណ៍ឱ្យគ្រប់គ្នាសម្អប់ចិន តាមគ្រប់រូបភាព ៕