ព័ត៌មានអន្តរជាតិ

លោក Li Qiang មនុស្សជំនិតមេដឹកនាំកំពូលចិន ត្រូវបានតែងតាំងជា នាយករដ្ឋមន្ត្រី ផ្លូវការ

ប៉េកាំង៖ លោក Li Qiang ដែលគេដឹងថា ជាមនុស្សជំនិត របស់លោក Xi Jinping នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ នេះ ត្រូវបានសភាចិន ប្រកាសទទួលស្គាល់ជាផ្លូវការ ឱ្យកាន់តំណែង ជានាយករដ្ឋមន្រ្តី ជំនួស លោក Li Keqiang ដែលត្រូវផុតអាណត្តិ។នេះបើយោងតាម AFP។

ការប្រកាសទទួលស្គាល់នេះ ធ្វើឡើងបន្ទាប់ ពីលោក ស៊ី ជិនពីង​ បានជាប់ឆ្នោតជាប្រធានាធិបតីចិន សម្រាប់អាណត្តិទី៣ជាប់ៗគ្នា និងបានក្លាយជាមេដឹកនាំកំពូលចិនមានអំណាចធំបំផុត ចាប់តាំងពីសម័យលោក ម៉ៅ សេទុងមក។

តួនាទីជានាយករដ្ឋមន្ត្រី ត្រូវបានកំណត់ត្រឹម ២អាណត្តិ និងជាតំណែងធំបំផុតលំដាប់ទី២ បន្ទាប់ពីប្រធានាធិបតីចិន លោក ស៊ី ជិនពីង។ លោក Li Qiang ត្រូវបានគណបក្សកុម្មុយនិស្ដ ផ្ដល់សេចក្ដីទុកចិត្តតែងតាំងជានាយករដ្ឋមន្ត្រីចិន នៅឯសមាជបក្សកាលពីខែតុលា ឆ្នាំ២០២២។ លោក Li ត្រូវបានគេស្គាល់ថាគឺជាមនុស្សម្នាក់ស្ថិតនៅក្នុងចំណោមមនុស្សដែលលោក ស៊ី ជិនពីង ទុកចិត្តជាទីបំផុត។

គួរបញ្ជាក់ថា លោក Li Qiang មានអាយុ ៦៣ឆ្នាំ ទទួលបានសំឡេងគាំទ្រស្ទើរតែទាំងអស់ ពីប្រតិភូបក្សជាង ២,៩០០នាក់ នៅឯសមាជបក្ស មួយថៃ្ងក្រោយលោក ស៊ី ជិនពីង ត្រូវបាន តែងតាំងជាអគ្គលេខាធិការ និងប្រមុខយោធាចិនសម្រាប់អាណត្តិទី៣៕

To Top