ព័ត៌មានអន្តរជាតិ

ចិនជំរុញឱ្យអាមេរិក បញ្ចប់ការលួចប្លន់ខុសច្បាប់ របស់កងទ័ពនៅស៊ីរី

បរទេស ៖ ចិនបាននិយាយថា ការកាន់កាប់ខាងយោធា របស់សហរដ្ឋអាមេរិក “ខុសច្បាប់” លើប្រទេសស៊ីរី បានធ្វើឱ្យកាន់តែស៊ីជម្រៅ ដល់វិបត្តិមនុស្សធម៌ របស់ប្រទេសនេះ ដោយប្រទេសចិនបានរិះគន់សមាជិកសភាអាមេរិក បន្ទាប់ពីពួកគេបានបោះឆ្នោត ឱ្យបន្តការពង្រាយទ័ព នៅក្នុងប្រទេសស៊ីរីបន្តទៀត។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា នៅក្នុងសន្និសីទ សារព័ត៌មានកាលពីថ្ងៃសុក្រ អ្នកនាំពាក្យក្រសួង ការបរទេសចិន លោកស្រី Mao Ning ត្រូវបានស្នើឱ្យធ្វើអត្ថាធិប្បាយលើការ បោះឆ្នោតនាពេលថ្មីៗនេះ ដោយសភាអាមេរិក ដើម្បីពន្យារអន្តរាគមន៍ យោធានៅក្នុងប្រទេសស៊ីរី ។ លោកស្រី Mao បានឆ្លើយតប ដោយការជំរុញ ឱ្យទីក្រុងវ៉ាស៊ីនតោន “បញ្ចប់ភ្លាមៗនូវការកាន់កាប់ និងការលួចប្លន់ខុសច្បាប់ របស់កងទ័ព” និងលុបចោលទណ្ឌកម្មដែលធ្វើឱ្យ ប៉ះពាល់ដល់សេដ្ឋកិច្ចស៊ីរី។

លោកស្រីបាននិយាយថា “ចាប់តាំងពីសហរដ្ឋអាមេរិក បានចាប់ផ្តើមការជ្រៀតជ្រែកខុសច្បាប់ក្នុងវិបត្តិស៊ីរី ប្រតិបត្តិការយោធារបស់ខ្លួន នៅក្នុងប្រទេសស៊ីរី បានឆក់យកជីវិតជនស៊ីវិលស្លូតត្រង់មួយចំនួនធំ និងបណ្តាល ឱ្យមានគ្រោះមហន្តរាយមនុស្សធម៌យ៉ាងធ្ងន់ធ្ងរ” ដោយបន្ថែមថា សហរដ្ឋអាមេរិកត្រូវបាន “រិះគន់ជាច្រើនដង ” ដោយ អង្គការសហប្រជាជាតិ និងស្ថាប័នអន្តរជាតិផ្សេងទៀតសម្រាប់ “ការវាយប្រហារ ដោយមិនរើសអើង ដែលអាចឈានដល់ ឧក្រិដ្ឋកម្មសង្គ្រាម” ៕

To Top