តេអេរ៉ង់៖ ទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA បានរាយការណ៍ថា រដ្ឋមន្ត្រីប្រេងអ៊ីរ៉ង់លោក Javad Owji បានឲ្យដឹងថា ការនាំចេញប្រេងឆៅរបស់ប្រទេសនេះ បានឈានដល់កម្រិតខ្ពស់បំផុតចាប់តាំងពីការដាក់ទណ្ឌកម្មឡើងវិញរបស់សហរដ្ឋអាមេរិកក្នុងឆ្នាំ២០១៨។
លោក Owji បានលើកឡើងថា ការនាំចេញប្រេងឆៅរបស់អ៊ីរ៉ង់បានកើនឡើង ៨៣លានបារ៉ែលចាប់ពីដើមឆ្នាំប្រតិទិនរបស់អ៊ីរ៉ង់បច្ចុប្បន្ន ដែលបានចាប់ផ្តើមនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ ដល់ថ្ងៃទី១៩ខែកុម្ភៈ ឆ្នាំ២០២៣ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១-២០២២។
លោកបានបន្ថែមថា វាក៏បានបង្ហាញពីការកើនឡើង ១៩០លានបារ៉ែលពីពេលវេលាដូចគ្នាក្នុងឆ្នាំ២០២០-២០២១ ដោយមិនបានបង្ហាញពីចំនួនពិតប្រាកដនៃការនាំចេញប្រេងឆៅសរុបរបស់អ៊ីរ៉ង់នោះទេ។
រដ្ឋមន្ត្រីប្រេងអ៊ីរ៉ង់បានអះអាងថា ការនាំចេញឧស្ម័នរបស់ប្រទេសនេះមានការកើនឡើង ១៥ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំក្នុងប្រតិទិនអ៊ីរ៉ង់បច្ចុប្បន្ន ដោយកត់សម្គាល់ថា អ៊ីរ៉ង់បានប្រមូលប្រាក់ចំនួន ៦,៥ពាន់លានដុល្លារពីការនាំចេញឧស្ម័នរាវរបស់ខ្លួនចាប់តាំងពីខែមីនា ឆ្នាំ២០២២។
នៅក្នុងខែឧសភា ឆ្នាំ២០១៨ សហរដ្ឋអាមេរិកបានបង្កើនការដាក់ទណ្ឌកម្មរបស់ខ្លួនលើប្រទេសអ៊ីរ៉ង់ ដោយផ្តោតជាសំខាន់លើការនាំចេញប្រេងរបស់ប្រទេស និងវិស័យធនាគារ បន្ទាប់ពីការដកខ្លួនជាឯកតោភាគីចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ដែលត្រូវបានគេស្គាល់ជាផ្លូវការថាជាផែនការសកម្មភាពទូលំទូលាយរួម (JCPOA) ។ កិច្ចពិភាក្សាស្តីពីការរស់ឡើងវិញរបស់ JCPOA បានចាប់ផ្តើមនៅខែមេសា ឆ្នាំ២០២១ នៅទីក្រុងវីយែន។
គ្មានរបកគំហើញណាមួយត្រូវបានសម្រេចឡើយ បន្ទាប់ពីការចរចាចុងក្រោយបង្អស់នៅដើមខែសីហា ឆ្នាំ២០២២៕