ប៉េកាំង៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានឲ្យដឹងថា ទីក្រុងប៉េកាំង “ប្រឆាំងដាច់ខាត” ចំពោះការជ្រៀតជ្រែកពីខាងក្រៅក្នុងទំនាក់ទំនងឆ្លងកាត់ច្រកសមុទ្រ ក៏ដូចជាសកម្មភាពរបស់កងកម្លាំងបំបែកខ្លួន “ឯករាជ្យតៃវ៉ាន់” នៅក្នុងការព្រមានដោយលាក់បាំងដល់សហរដ្ឋអាមេរិក។
នៅចំពោះមុខទំនាក់ទំនងកាន់តែយ៉ាប់យ៉ឺនរវាងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន ជុំវិញកោះប្រជាធិបតេយ្យដែលគ្រប់គ្រងដោយខ្លួនឯងនោះ លោក ស៊ី ជីនពីង បានសង្កត់ធ្ងន់លើតម្រូវការនៅក្នុងសុន្ទរកថារបស់លោក នៅចុងបញ្ចប់នៃសម័យប្រជុំសភាប្រចាំឆ្នាំ ដើម្បីរក្សាគោលការណ៍ចិនតែមួយ ដែលចាត់ទុកតៃវ៉ាន់ជាផ្នែកមិនអាចកាត់ផ្តាច់បាននៃប្រទេសចិន និងកិច្ចខិតខំប្រឹងប្រែងបង្រួបបង្រួម “រីកចម្រើនឥតឈប់ឈរ” ។
ប្រទេសចិន បានបង្កើនសម្ពាធយោធាយ៉ាងខ្លាំងលើកោះតៃវ៉ាន់ចាប់តាំងពីពេលនោះមកប្រធានសភាតំណាងសហរដ្ឋអាមេរិកលោកស្រី Nancy Pelosi បានធ្វើទស្សនកិច្ចនៅកោះនេះកាលពីខែសីហា។
ចិន និងតៃវ៉ាន់ ដែលដឹកនាំដោយកុម្មុយនិស្ត ត្រូវបានគ្រប់គ្រងដោយឡែកពីគ្នា ចាប់តាំងពីពួកគេបានបែកបាក់គ្នាក្នុងឆ្នាំ១៩៤៩ បន្ទាប់ពីសង្គ្រាមស៊ីវិល។ ទីក្រុងប៉េកាំង បានចាត់ទុកកោះនេះថា ជាខេត្តដែលលះបង់ ដើម្បីបង្រួបបង្រួមជាមួយដីគោកដោយបង្ខំប្រសិនបើចាំបាច់។
លោក ស៊ី ក៏បានឲ្យដឹងនៅឯការបញ្ចប់នៃសម័យប្រជុំរយៈពេល ៩ថ្ងៃនៃសភាប្រជាជនជាតិថា ប្រទេសចិន គួរតែធ្វើការដើម្បីសម្រេចបាននូវភាពជឿជាក់លើខ្លួនឯងកាន់តែខ្លាំង និងភាពរឹងមាំនៅក្នុងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ព្រមទាំងជំរុញការផ្លាស់ប្តូរ និងការធ្វើឱ្យប្រសើរឡើងនូវឧស្សាហកម្ម។
ការកត់សម្គាល់របស់លោក បានកើតឡើងចំពេលដែលសហរដ្ឋអាមេរិក ព្យាយាមរឹតបន្តឹងលើការចូលប្រើប្រាស់របស់ប្រជាជាតិអាស៊ី ក្នុងការប្រើប្រាស់បច្ចេកវិទ្យាទំនើបៗដូចជា semiconductors ជាដើម។
មេដឹកនាំចិន បានសន្យាថា ប្រទេសរបស់លោកនឹងជំរុញ “ការអភិវឌ្ឍន៍ប្រកបដោយគុណភាពខ្ពស់” ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការកសាង “ប្រទេសសង្គមនិយមទំនើបដ៏អស្ចារ្យ” នៅពាក់កណ្តាលសតវត្សទី២១ ហើយបានប្តេជ្ញាថាទីក្រុងប៉េកាំងនឹងលើកកម្ពស់ “ទំនើបកម្មនៃវិស័យការពារជាតិ និងយោធា “៕ប្រែសម្រួល ឈូក បូរ៉ា