បរទេស៖ បណ្តាប្រទេសនៅអឺរ៉ុប បានបង្កើនការនាំចូលអាវុធសំខាន់ៗរបស់ពួកគេយ៉ាងខ្លាំង ដើម្បីឆ្លើយតបទៅនឹងភាពតានតឹងជាមួយរុស្ស៊ី នេះបើតាមការលើកឡើងរបស់ទីភ្នាក់ងារគិតគូរដ៏លេចធ្លោមួយ ដោយអ៊ុយក្រែន បានលេចចេញជាប្រទេសនាំចូលអាវុធធំជាងគេទី៣ របស់ពិភពលោកបន្ទាប់ពីការលុកលុយរបស់ទីក្រុងម៉ូស្គូកាលពីឆ្នាំមុន។
វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិស្ដុកហូម (SIPRI) នៅក្នុងរបាយការណ៍ថ្មីមួយនៅថ្ងៃចន្ទនេះបានឲ្យដឹងថា រដ្ឋអឺរ៉ុប បានរារាំងនិន្នាការពិភពលោក និងបង្កើនការនាំចូលអាវុធសំខាន់ៗរបស់ពួកគេចំនួន ៤៧ភាគរយក្នុងរយៈពេល ៥ឆ្នាំរវាងឆ្នាំ២០១៨ និង ២០២២ ។
រដ្ឋណាតូនៅអឺរ៉ុបបានឃើញការកើនឡើងកាន់តែខ្លាំង ដោយបង្កើនការនាំចូលសព្វាវុធសំខាន់ៗរបស់ពួកគេ ៦៥ ភាគរយក្នុងរយៈពេលដូចគ្នា នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានអាល់ហ្សាហ្ស៊ីរ៉ា។
ផ្ទុយទៅវិញ កម្រិតនៃការផ្ទេរអាវុធជាសាកលបានធ្លាក់ចុះ ៥,១ ភាគរយ។ លោក Pieter D Wezeman អ្នកស្រាវជ្រាវជាន់ខ្ពស់នៃកម្មវិធីផ្ទេរអាវុធ SIPRI បានលើកឡើងថា “ទោះបីជាការផ្ទេរអាវុធបានធ្លាក់ចុះជាសកលក៏ដោយ អាវុធទាំងនោះទៅកាន់អឺរ៉ុប បានកើនឡើងយ៉ាងខ្លាំងដោយសារតែភាពតានតឹងរវាងប្រទេសរុស្ស៊ី និងរដ្ឋអឺរ៉ុបដទៃទៀត” ។
លោកបានបន្ថែមថា “បន្ទាប់ពីការឈ្លានពានរបស់រុស្ស៊ីមកលើអ៊ុយក្រែន រដ្ឋនៅអឺរ៉ុបចង់នាំចូលអាវុធបន្ថែមទៀតលឿនជាងមុន” ហើយនេះក៏ទំនងជាការមើលឃើញពីអស្ថិរភាពរបស់ពួកគេនាពេលខាងមុខផងដែរ៕