បរទេស៖ អ៊ុយក្រែន និងរុស្ស៊ី បានរាយការណ៍ថាមានអ្នកស្លាប់ និងរបួសយ៉ាងធ្ងន់ធ្ងរ ខណៈដែលការប្រយុទ្ធដ៏អូសបន្លាយ ដើម្បីគ្រប់គ្រងទីក្រុងសមរភូមិជួរមុខ Bakhmut ដែលកំពុងដំណើរការនៅភាគខាងកើតអ៊ុយក្រែន។
អ៊ុយក្រែន គ្រប់គ្រងតំបន់នេះនៅភាគខាងលិចនៃទីក្រុង Bakhmut ដែលឥឡូវនេះត្រូវបានបំផ្លាញ និងស្ទើរតែបោះបង់ចោល ខណៈដែលក្រុមទាហានស៊ីឈ្នួល Wagner របស់រុស្ស៊ីគ្រប់គ្រងភាគច្រើននៃផ្នែកភាគខាងកើត នេះបើយោងតាមការស៊ើបការណ៍សម្ងាត់របស់អង់គ្លេស។
ប្រធានាធិបតីអ៊ុយក្រែនលោក លោក វូឡូឌីមៀ ហ្សេឡិនស្គី បានលើកឡើងថា ទាហានរុស្ស៊ីជាង ១១០០នាក់ត្រូវបានសម្លាប់ក្នុងរយៈពេលប៉ុន្មានថ្ងៃមុនការប្រយុទ្ធគ្នានៅតាមបណ្តោយផ្នែក Bakhmut នៃតំបន់ជម្លោះជួរមុខ។
លោក ហ្សេឡិនស្គី បានឲ្យដឹងនៅក្នុងសុន្ទរកថាជាអូពេលយប់របស់លោកថា “ក្នុងរយៈពេលតិចជាងមួយសប្តាហ៍ ដោយចាប់ផ្តើមពីថ្ងៃទី០៦ ខែមីនា យើងអាចសម្លាប់ទាហានសត្រូវជាង ១១០០ នាក់នៅក្នុងផ្នែកសមរភូមិ Bakhmut ដែលជាការបាត់បង់ ដែលមិនអាចត្រឡប់វិញបានរបស់រុស្ស៊ីនៅទីនោះ” ។
លោកបានបន្ថែមថា ទាហានរុស្ស៊ីប្រមាណ ១៥០០ នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរដែលពួកគេមិនអាចបន្តការប្រយុទ្ធបាន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានអាល់ហ្សាហ្ស៊ីរ៉ា។
ក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងថា កងកម្លាំងរបស់ខ្លួនកំពុងធ្វើប្រតិបត្តិការយោធាបន្ថែមទៀតនៅក្នុងតំបន់ Donetsk ភាគខាងកើត ដែលរួមជាមួយនឹងតំបន់ជិតខាង Luhansk បង្កើតបានជាឧស្សាហកម្មដុនបាស៕