បរទេស៖ កាសែត Wall Street Journal បានផ្សាយនៅថ្ងៃចន្ទដោយស្រង់ប្រភពមិនបញ្ចេញអត្តសញ្ញាណថា ប្រធានាធិបតីចិនលោក ស៊ី ជិនពីង គ្រោងនឹងនិយាយជាមួយសមភាគីអ៊ុយក្រែនលោក Vladimir Zelensky ជាលើកដំបូងចាប់តាំងពីការចាប់ផ្តើមនៃជម្លោះដែលកំពុងបន្តរវាងទីក្រុងម៉ូស្គូ និងទីក្រុងគៀវ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា សារព័ត៌មានបានកត់សម្គាល់ថា “កិច្ចប្រជុំនិម្មិត (តាមអនឡាញ) ” ជាមួយលោក Zelensky ទំនងជានឹងកើតឡើងបន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោក ស៊ី ទៅកាន់ទីក្រុងមូស្គូ ដើម្បីជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ដែលត្រូវបានគេរំពឹងថានឹងប្រព្រឹត្តទៅនៅដើមសប្តាហ៍ក្រោយ។
ដំណើរទស្សនកិច្ចនាពេលខាងមុខរបស់ប្រធានាធិបតីចិន ទៅកាន់ប្រទេសរុស្ស៊ី ដែលត្រូវបានបញ្ជាក់ផងដែរដោយ រ៉យទ័រ កាលពីថ្ងៃមុន ត្រូវបានកំណត់ថានឹងក្លាយជាដំណើរទស្សនកិច្ចនៅក្រៅប្រទេសលើកដំបូងរបស់លោក ស៊ី ចាប់តាំងពីលោកទទួលបានអាណត្តិទីបីដែលមិនធ្លាប់មានពីមុនមកក្នុងនាមជាមេដឹកនាំរបស់ប្រទេសចិន។
ការចរចាដ៏មានសក្តានុពល ត្រូវបានគេរំពឹងថា នឹងជំរុញកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងប៉េកាំងបន្ថែមទៀតដើម្បីក្លាយជាអ្នកសម្រុះសម្រួលក្នុងជម្លោះរវាងរុស្ស៊ីនិងអ៊ុយក្រែន ដែលបានអូសបន្លាយអស់រយៈពេលជាងមួយឆ្នាំមកហើយនេះ៕
ប្រែសម្រួលៈ ណៃ តុលា