អង់ការ៉ា៖ រដ្ឋមន្ត្រីមហាផ្ទៃទួរគីបាននិយាយកាលពីថ្ងៃចន្ទថា ចំនួនអ្នកស្លាប់ដោយសារការរញ្ជួយដី ចំនួនពីរដែលបានវាយប្រហារទីក្រុងតួកគី កាលពីថ្ងៃទី០៦ ខែកុម្ភៈ បានកើនឡើងដល់ ៤៨៤៤៨នាក់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោក Suleyman Soylu បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយ ដែលត្រូវបានចូលរួមដោយរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងទេសចរណ៍លោក Mehmet Nuri Ersoy ថា “ចំនួនជនបរទេសក្នុងចំណោមអ្នកស្លាប់មានចំនួន ៦៦៦០ នាក់ ភាគច្រើននៃពួកគេ គឺជាបងប្អូនជនជាតិស៊ីរីរបស់យើង” ។
លោក Soylu បានលើកឡើងថា អាជ្ញាធរតួកគី នៅតែធ្វើការលើការកំណត់អត្តសញ្ញាណ ជនរងគ្រោះចំនួន ១៦១៥នាក់។ លោកបានបន្ដថា ការយកកំទេចកំទីចេញកំពុងដំណើរការ ហើយថាតួកគី នឹងចាប់ផ្តើមវាយកម្ទេចអគារដែលរងការខូចខាត យ៉ាងខ្លាំងនៅដំណាក់កាលបន្ទាប់។
ការរញ្ជួយដីដ៏ខ្លាំងក្លា និងការរញ្ជួយដីដ៏ធំ ដែលផ្តោតទៅលើភាគខាងត្បូង តួកគី បានបណ្តាលឱ្យមានការខាតបង់ទ្រព្យសម្បត្តិយ៉ាងច្រើន និងបានធ្វើឱ្យមនុស្សរាប់ម៉ឺននាក់ គ្មានផ្ទះសម្បែង។
លោករដ្ឋមន្ត្រីបានបន្ដថា តង់ជាង ៤៣៣៥០០ ត្រូវបានដំឡើងនៅក្នុងខេត្ត ដែលរងគ្រោះដោយរញ្ជួយដី នៅភាគខាងត្បូងតួកគី រួមជាមួយនឹងទូកុងតឺន័រ ចំនួន ២១០០០ សម្រាប់កន្លែងស្នាក់នៅបណ្តោះអាសន្ន ដោយរដ្ឋមន្ត្រីបានកត់សម្គាល់ថា ប្រទេសនេះគ្រោងនឹងដំឡើង កុងតឺន័រសរុបចំនួន ១១៥៥៨៥៕
ប្រែសម្រួល ឈូក បូរ៉ា