ប៉េកាំង ៖ ទាំងចិន និងអាមេរិក កំពុងមមាញឹកក្នុងខែមីនា ដោយប្រទេសចិន កំពុងមមាញឹកក្នុងការសម្រុះសម្រួលការផ្សះផ្សា ដែលមិននឹកស្មានដល់រវាងអារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ង់ ។ ចាប់ពីថ្ងៃទី១០ ខែមីនា នៅពេលដែលប្រទេសទាំងពីរ បានព្រមព្រៀងគ្នា ដើម្បីចាប់ផ្ដើមទំនាក់ទំនងឡើងវិញ ខណៈសហរដ្ឋអាមេរិក កំពុងរវល់ត្រួសត្រាយផ្លូវសម្រាប់ភាពតានតឹង និងជម្លោះកាន់តែច្រើន តាមរយៈការផ្លាស់ប្តូរ រួមទាំងការលើកកម្ពស់ AUKUS ផងដែរ ។
មេដឹកនាំសហរដ្ឋអាមេរិក អូស្ត្រាលី និងចក្រភព អង់គ្លេស គ្រោងនឹងជួបប្រជុំគ្នានៅទីក្រុង San Diego នៅថ្ងៃចន្ទ ដើម្បីបង្ហាញពីផែនការ អភិវឌ្ឍនាវាមុជទឹកដើរ ដោយថាមពលនុយក្លេអ៊ែរ សម្រាប់ប្រទេសអូស្ត្រាលី ក្រោមភាពជាដៃគូរបស់ AUKUS នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន The GlobalTime ។
ប្រព័ន្ធផ្សព្វផ្សាយអូស្ត្រាលី Nine News បានរាយការណ៍កាលពីថ្ងៃចន្ទថា “យោងតាមព័ត៌មានលម្អិតលេចធ្លាយ ចាប់ពីទសវត្សរ៍ក្រោយ អូស្ត្រាលីនឹងទិញ រវាងនាវាមុជទឹកដើរ ដោយថាមពលនុយក្លេអ៊ែរថ្នាក់រដ្ឋ Virginia របស់សហរដ្ឋអាមេរិកចំនួន ៣ ទៅ ៥ គ្រឿង មុនពេលខ្លួនចាប់ផ្តើមសាងសង់ នាវាមុជទឹកនៅ Adelaide” ។ របាយការណ៍បានបន្ថែមថា ចាប់ពីឆ្នាំ២០២៧ សហរដ្ឋអាមេរិក ក៏នឹងចាប់ផ្តើមដាក់ពង្រាយនាវាមុជទឹកនុយក្លេអ៊ែរនៅទីក្រុង Perth ជាវិធានការបញ្ឈប់គម្លាត ។
ពេលចិន អង្គុយជាមួយមិត្ត គឺដើម្បីសន្តិភាព នៅពេលដែលសហរដ្ឋអាមេរិក និងដៃគូរបស់ខ្លួនជួបជុំគ្នា របៀបវារៈគឺអំពីការប្រឈមមុខដាក់គ្នា។ ចាប់តាំងពីការប្រកាសរបស់ AUKUS កាលពី ១៨ខែមុន អ្នកសង្កេតការណ៍ជាច្រើន រួមទាំងអ្នកមកពីប្រទេសអូស្ត្រាលីផងដែរ បានឲ្យដឹងថា សម្ព័ន្ធភាពក្រោមការដឹកនាំនៃកិច្ចសហប្រតិបត្តិការនាវាមុជទឹកដើរដោយ ថាមពលនុយក្លេអ៊ែរ គឺមានសារៈសំខាន់ សម្រាប់សហរដ្ឋអាមេរិក ក្នុងការបំពាក់អាវុធដល់អូស្ត្រាលី ហើយប្រែក្លាយវាទៅជាទ្រព្យសម្បត្តិយោធា របស់សហរដ្ឋអាមេរិកប្រឆាំងនឹងប្រទេសចិន។
វាជារឿងធម្មតាទៅហើយដែល AUKUS យកចិនជាសត្រូវស្រមើស្រមៃរបស់ខ្លួន ។ លោក Chen Hong ប្រធានសមាគមចិននៃការសិក្សាអូស្ត្រាលី និងជានាយកមជ្ឈមណ្ឌលសិក្សាអូស្ត្រាលីនៅសាកលវិទ្យាល័យ East China Normal University បានប្រាប់ Global Times ថា “ការបន្តលើកកម្ពស់សម្ព័ន្ធភាពមានន័យថា អូស្ត្រាលី នឹងដាក់ខ្លួនជាផ្លូវការលើរ៉ាដា ការពាររបស់ទីក្រុងប៉េកាំង” ។
សំណួរសួរថា តើវាមានតម្លៃទេ? ការទិញគ្រាន់តែជាជំហានដំបូងប៉ុណ្ណោះ ។ យោងតាមរបាយការណ៍មុនៗ យ៉ាងហោចណាស់ នាវាមុជទឹកដើរដោយ ថាមពលនុយក្លេអែរចំនួន ៨គ្រឿង នឹងត្រូវបានសាងសង់ នៅឯកន្លែងផលិតនាវា Osborne Naval Shipyard របស់អូស្ត្រាលី ក្នុងទីក្រុង Adelaide រដ្ឋធានីនៃប្រទេស អូស្ត្រាលីខាងត្បូង។ វាមានន័យថាតម្លៃបច្ចុប្បន្ន នៅលើកតិកាសញ្ញា AUKUS ដែលរដ្ឋាភិបាលអូស្ត្រាលី ត្រូវបង់គឺគ្រាន់តែជា តួលេខបណ្តោះអាសន្នប៉ុណ្ណោះ៕