ព័ត៌មានអន្តរជាតិ

ចិន ​បង្ហាញ​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង ​ចំពោះ​សមយុទ្ធ​យោធា​រួម ​រវាង​អាមេរិក ​និង​កូរ៉េខាងត្បូង

ប៉េកាំង៖ ប្រទេសចិន មានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះចំណាត់ការរបស់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង នៅក្នុងសមយុទ្ធយោធារបស់ពួកគេ ហើយបានអំពាវនាវ ឱ្យភាគីពាក់ព័ន្ធទាំងអស់ រក្សាការអត់ធ្មត់ និងធ្វើអ្វីបន្ថែមទៀត ដែលអំណោយផលដល់សន្តិភាព និងស្ថិរភាពនៅលើឧបទ្វីបកូរ៉េ។

អ្នកនាំពាក្យចិនលោក Wang Wenbin បានធ្វើការកត់សម្គាល់នៅពេលឆ្លើយសំណួរ ពាក់ព័ន្ធអំពីរបាយការណ៍ ដែលថាសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងគ្រោងនឹងធ្វើសមយុទ្ធយោធារួមគ្នា ចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ២៣ ខែមីនា។

លោក Wang បានប្រាប់សន្និសីទសារព័ត៌មានប្រចាំថ្ងៃថា “យើងមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការផ្លាស់ប្តូររបស់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង នៅក្នុងសមយុទ្ធយោធារបស់ពួកគេ” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ចំណុច​សំខាន់​នៃ​របៀប ​ដែល​ស្ថានការណ៍​ឧបទ្វីប​កូរ៉េ ​ឈាន​ដល់​កន្លែង ​ដែល​វា​មាន​សព្វ​ថ្ងៃ ​គឺ​ច្បាស់​ហើយ។ លោក Wang បានលើកឡើងថា មូលហេតុចម្បង គឺមកពីភាគីពាក់ព័ន្ធបានបដិសេធមិនឆ្លើយតប ចំពោះវិធានការរំសាយអាវុធនុយក្លេអ៊ែរ ដែលធ្វើឡើងដោយកូរ៉េខាងជើង និងបន្តដាក់សម្ពាធ និងរារាំងកូរ៉េខាងជើង។

លោកបានបន្ថែមថា “ស្ថានភាពបច្ចុប្បន្ននៅលើឧបទ្វីបកូរ៉េ មានភាពស្មុគ្រស្មាញ និងរសើបខ្លាំង។ គ្រប់ភាគីពាក់ព័ន្ធគួរតែរក្សាការអត់ធ្មត់ និងធ្វើអ្វីៗបន្ថែមទៀត ដែលអំណោយផលដល់សន្តិភាព និងស្ថិរភាពនៅលើឧបទ្វីបកូរ៉េ មិនមែនផ្ទុយពីនេះទេ”៕ ប្រែសម្រួល ឈូក បូរ៉ា

To Top