ព័ត៌មានអន្តរជាតិ

សមាជិកព្រឹទ្ធសភា អាមេរិក និយាយទាំងកំហឹងថា Ronald Reagan នឹងបាញ់ទម្លាក់ យន្តហោះចម្បាំងរុស្ស៊ី

បរទេស៖ សមាជិកព្រឹទ្ធសភា មកពីគណបក្សសាធារណរដ្ឋ លោក Lindsey Graham បានស្នើឱ្យបើកការបាញ់ ប្រហារលើយន្តហោះចម្បាំងរុស្ស៊ី ដែលស្ទាក់ចាប់យន្តហោះគ្មាន មនុស្សបើករបស់សហរដ្ឋអាមេរិក បន្ទាប់ពីការប៉ះទង្គិចមួយនេះត្រូវបានបញ្ចប់ ដោយយន្តហោះ MQ-9 Reaper អាមេរិក បានធ្លាក់ចូលទៅក្នុង សមុទ្រខ្មៅកាលពីថ្ងៃអង្គារ ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា អ្នកចូលចិត្តសង្គ្រាមជើង ចាស់រូបនេះបានប្រាប់ Fox News ខណៈពេលធ្វើអត្ថាធិប្បាយលើឧប្បត្តិហេតុនេះថា “តើ Ronald Reagan ដែលជាអតីតប្រធានាធិបតីអាមេរិក នឹងធ្វើអ្វីនៅពេលនេះ? គាត់នឹងចាប់ផ្តើមបាញ់ ទម្លាក់យន្តហោះរុស្ស៊ី ប្រសិនបើពួកគេកំពុងគំរាមកំហែង ទ្រព្យសម្បត្តិរបស់យើង” ។

ពាក់ព័ន្ធនឹងឧប្បតិហេតុ ធ្លាក់យន្តហោះ MQ-9 Reaper អាមេរិក នេះដែរ មន្ទីរបញ្ចកោណបានចោទប្រកាន់ អាកាសយានិកយោធារុស្ស៊ីថា បានធ្វើសមយុទ្ធដែនអាកាស ដែល មិនមានសុវត្ថិភាព នៅជិតយន្តហោះគ្មានមនុស្សបើកដែលខ្លួនអះអាងថា កំពុងបំពេញបេសកកម្មឃ្លាំមើល នៅជិតតំបន់គ្រីមៀ។ នៅពេលនោះ គឺយន្តហោះចម្បាំងរុស្ស៊ី Su-27 ត្រូវបានគេចោទប្រកាន់ថា បានបុកស្លាបរបស់ Reaper បណ្តាលឱ្យវាធ្លាក់ចូលទៅក្នុងសមុទ្រ ។

ក្រសួងការពារជាតិរុស្ស៊ី បានច្រានចោលសេចក្តីរាយការណ៍ អំពីការប៉ះទង្គិចគ្នានេះ ហើយបានអះអាងថា យន្តហោះគ្មានមនុស្សបើកបានគាំងរលត់ម៉ាស៊ីន បន្ទាប់ពីបានធ្វើសមយុទ្ធដ៏ខ្លាំងក្លាមួយ ។ ឯកអគ្គរដ្ឋទូតរបស់ទីក្រុងម៉ូស្គូ ប្រចាំសហរដ្ឋអាមេរិក លោក Anatoly Antonov បានលើកឡើងថា យន្តហោះគ្មានមនុស្សបើករបស់អាមេរិក ដែលអាចផ្ទុកអាវុធ មិនមានអាជីវកម្មហោះហើរនៅជិតព្រំដែនរុស្ស៊ីនោះទេ៕

ប្រែសម្រួលៈ ណៃ តុលា

To Top