ព័ត៌មានអន្តរជាតិ

Update៖ កូរ៉េខាងជើង បាញ់មីស៊ីលផ្លោងអន្តរទ្វីប មុនជំនួបជាប្រវត្តិសាស្ត្ររវាងកូរ៉េខាងត្បូង និងជប៉ុន

BBC៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ថា ប្រទេសកូរ៉េខាងជើង បានបាញ់មីស៊ីលផ្លោងអន្តរទ្វីប ហៅកាត់ថា (ICBM) នៅប៉ុន្មានម៉ោងមុនពេល មេដឹកនាំកូរ៉េខាងត្បូង និងជប៉ុន ត្រូវជួបពិភាក្សាគ្នាជាប្រវត្តិសាស្ត្រ ។

មន្ត្រីជប៉ុន និងកូរ៉េខាងត្បូង បានបញ្ជាក់ពីការបាញ់ បង្ហោះមីស៊ីលរយៈចម្ងាយឆ្ងាយ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ។

មីស៊ីលនេះបានហោះបានចម្ងាយប្រហែល ១.០០០គីឡូម៉ែត្រ ហើយធ្លាក់ចុះនៅក្នុងទឹកភាគខាងលិច នៃប្រទេសជប៉ុន ។

គួរបញ្ជាក់ថា នេះគឺជាការបាញ់មីស៊ីលលើកទី៤ របស់ក្រុងព្យុងយ៉ាង ក្នុងរយៈពេល១សប្តាហ៍ ហើយកើតឡើងនៅគ្រា ដែលសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ធ្វើសមយុទ្ធកងទ័ពជើងទឹករួមគ្នា ។

គ្រាប់មីស៊ីលផ្សេងទៀតដែលបានបាញ់នៅថ្ងៃព្រហស្បតិ៍កាលពីសប្តាហ៍មុន នៅថ្ងៃសៅរ៍ និងថ្ងៃចន្ទ គឺជាមីស៊ីលផ្លោងរយៈចម្ងាយខ្លី ។

សកម្មភាពមីស៊ីលរបស់កូរ៉េខាងជើង ទំនងជានឹងជាប្រធានបទសំខាន់ នៃរបៀបវារៈនៅគ្រាដែល ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ជួបជាមួយនាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida នៅទីក្រុងតូក្យូ នៅថ្ងៃព្រហស្បតិ៍មេញ ដែលជាដំណើរទស្សនកិច្ច លើកដំបូងក្នុងរយៈពេល១២ឆ្នាំ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top