គៀវ៖ អ៊ុយក្រែន បានចេញការព្រមានអំពីសកម្មភាព មិនប្រក្រតីរបស់រុស្ស៊ីនៅសមុទ្រខ្មៅ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន Newsweek។
ថ្លែងក្នុងអំឡុងការផ្សាយជាតិនៅថ្ងៃព្រហស្បតិ៍ នេះអ្នកនាំពាក្យទីបញ្ជាការភាគខាងត្បូង របស់អ៊ុយក្រែនលោក Natalia Humeniuk បានឲ្យដឹងថា រុស្ស៊ីបានដាក់ពង្រាយនាវាចំនួន ២០គ្រឿង រួមទាំងនាវាផ្ទុកមីស៊ីល និងកងនាវាជំនួយមួយចំនួនធំនៅក្នុងសមុទ្រខ្មៅ។
សារព័ត៌មាន Kyiv Independent បានចុះផ្សាយថា កងកម្លាំងរុស្ស៊ី ប្រហែលជាកំពុងស្វែងរក បំណែកយន្តហោះដ្រូនធុន MQ-9 Reaper របស់សហរដ្ឋអាមេរិក ដែលត្រូវបានស្ទាក់ចាប់ដោយយន្តហោះរុស្ស៊ី ហើយបានធ្លាក់ចូលទៅក្នុង សមុទ្រខ្មៅកាលពីថ្ងៃអង្គារ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៊ីបានឲ្យដឹងថា ទីក្រុងម៉ូស្គូនឹងព្យាយាមយកបំណែកយន្តហោះមកវិញនោះទេ។
លោក Humeniuk បានលើកឡើងថា “យើងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ លើក្រុមកងទ័ពជើងទឹកនៅក្នុងសមុទ្រខ្មៅ និងសកម្មភាពរបស់សត្រូវ។ សកម្មភាពមិនប្រក្រតី និងចំនួនក្រុមនាវាត្រូវបានកត់ត្រាទុក” Humeniuk បានលើកឡើងថា”បច្ចុប្បន្នមាន ២០ គ្រឿងនៅក្នុងសមុទ្រខ្មៅ រួមទាំងនាវាផ្ទុកកាំជ្រួចចំនួន ៤គ្រឿង ដែលមួយក្នុងចំណោម ពួកគេស្ថិតនៅក្រោមទឹក ហើយសរុបគឺ ២៨គ្រឿងដែលអាចបំពាក់ សម្រាប់ប្រតិបត្ដិការ” ។
លោក Humeniuk បានបន្ដថា កងកម្លាំងរុស្ស៊ីកំពុងព្យាយាម “គ្របដណ្តប់ប្រតិបត្តិការកងទ័ពជើងទឹក នៅក្នុងសមុទ្រខ្មៅតាមដែលអាចធ្វើទៅបាន ហើយកំពុងព្យាយាមលាក់បាំង សកម្មភាពរបស់ពួកគេពីអ៊ុយក្រែន”។
កងកម្លាំងទ័ពជើងទឹករបស់រុស្ស៊ី បានដើរតួនាទីតិចតួចប៉ុណ្ណោះ នៅក្នុងជម្លោះអ៊ុយក្រែន ចាប់តាំងពីអ៊ុយក្រែន បានបាញ់ពន្លិចនាវាចម្បាំង សមុទ្រខ្មៅរបស់រុស្ស៊ីគឺ Moskva ជាមួយនឹងកាំជ្រួច Neptune ចំនួនពីរកាលពីខែមេសា។
បន្ទាប់ពីនោះមក មានសេចក្តីរាយការណ៍ថា រុស្ស៊ីបានផ្លាស់ប្តូរកប៉ាល់របស់ខ្លួនបន្ថែមទៀត ពីឆ្នេរសមុទ្រអ៊ុយក្រែន ចេញពីជួរកាំជ្រួចប្រឆាំងនាវារបស់ទីក្រុងគៀវ ៕
ប្រែសម្រួល ឈូក បូរ៉ា