ប៉េកាំង៖ អ្នកជំនាញបានឲ្យដឹងថា ជាមួយនឹងបរិយាកាសសន្តិសុខពិភពលោក កាន់តែមិនច្បាស់លាស់ និងស្មុគស្មាញដោយសារការ ប្រែប្រួលអាកាសធាតុ ជំងឺរាតត្បាត និងជម្លោះភូមិសាស្ត្រនយោបាយ គំនិតផ្តួចផ្តើមសន្តិសុខសកល ដែលស្នើឡើងដោយប្រទេសចិន (GSI) អាចជួយពិភពលោក ប្រយុទ្ធប្រឆាំងនឹងបញ្ហាប្រឈមសន្តិសុខផ្សេងៗ និងធានាបាននូវសន្តិភាព ប្រកបដោយនិរន្តរភាព។
អ្នកជំនាញ និងអ្នកសិក្សាមកពីប្រទេសផ្សេងៗគ្នា រួមមានប៉ាគីស្ថាន អាហ្វហ្គានីស្ថាន អ៊ីរ៉ាក់ ម៉ាឡេស៊ី ស៊ុយអែត អាល្លឺម៉ង់ និងរុស្ស៊ី បានឲ្យដឹងថា គំនិតផ្តួចផ្តើមនេះឆ្លុះបញ្ចាំង ពីការប្តេជ្ញាចិត្តរបស់ប្រទេសចិនក្នុងការការពារសន្តិភាពពិភពលោក និងការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ដើម្បីការពារសន្តិសុខពិភពលោក ដោយផ្អែកលើគោលការណ៍ នៃការគោរពគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ “គំនិតផ្តួចផ្តើមសន្តិសុខសកល” ដែលរៀបចំដោយវិទ្យាស្ថាន អាស៊ី នៃការស្រាវជ្រាវ និងអភិវឌ្ឍន៍អរិយធម៌អាស៊ី ដែលជាអ្នកគិតដែលមានមូលដ្ឋាន នៅទីក្រុងអ៊ីស្លាម៉ាបាដ កាលពីថ្ងៃព្រហស្បតិ៍ ។
GSI ប្រកាន់ខ្ជាប់នូវគោល ការណ៍ស្នូលរបស់អង្គការសហប្រជាជាតិ ក្នុងការគ្រប់គ្រងសន្តិសុខ គាំទ្រពហុភាគីនិយម ការសន្ទនា ការរួមរស់ដោយសន្តិភាព នៃប្រទេសនានា ការដោះស្រាយជម្លោះ និងការអភិវឌ្ឍន៍ ប្រកបដោយតុល្យភាពសម្រាប់ទាំងអស់គ្នា ខណៈពេលដែលបដិសេធ យ៉ាងខ្លាំងចំពោះការអនុវត្ត អនុត្តរភាព ការគំរាមកំហែង និងការត្រួតត្រា។
ប្រភពបានឲ្យដឹងទៀតថា ជាមួយនឹង ចក្ខុវិស័យនៃសន្តិសុខរួម ទូលំទូលាយ សហប្រតិបត្តិការ និងនិរន្តរភាព GSI បានគូសបញ្ជាក់ថា បំណងប្រាថ្នា នៃការមានពិភពលោក ដែលមានសុវត្ថិភាព និងសន្តិភាពគឺមិនអាចទៅរួចទេបើគ្មានការអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ច ដោយសារភាពក្រីក្រ និងអសន្តិសុខស្បៀងបង្កឱ្យមានជម្លោះ និងធ្វើឱ្យប៉ះពាល់ដល់សន្តិសុខពិភពលោក។
ក្នុងន័យនេះ ប្រទេសចិនតែងតែផ្តោតលើកំណើនសេដ្ឋកិច្ចសង្គម និងបានចាប់ផ្តើមគំនិតផ្តួចផ្តើម ជាសាកលមួយចំនួន រួមទាំងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ និងគំនិតផ្តួចផ្តើមអភិវឌ្ឍន៍ជាសាកល ដើម្បីជំរុញសន្តិភាព វិបុលភាព និងសុខុមាលភាពរបស់ប្រជាជន។
ប្រភពបានបន្ថែមថា “ការអនុវត្ត GSI នឹងជួយដឹកនាំពិភពលោក ឆ្ពោះទៅរកគោលដៅនៃការកសាងសហគមន៍ ជាមួយនឹងអនាគតរួមគ្នា សម្រាប់មនុស្សជាតិ”៕
ប្រែសម្រួល ឈូក បូរ៉ា