ព័ត៌មានអន្តរជាតិ

រុស្ស៊ី ពង្រឹង​ការ​ការពារ​ឧបទ្វីបគ្រីមេ ខណៈ​សម្ព័ន្ធមិត្ត​លោកខាងលិច ព្រមានឆ្លង​កាត់​បន្ទាត់​ក្រហម

ម៉ូស្គូ៖ យោធារុស្ស៊ីត្រូវបានគេរាយការណ៍ថា កំពុងពង្រឹងការការពារនៅឧបទ្វីបគ្រីមៀ ចំពេលមានរបាយការណ៍ថា សម្ព័ន្ធមិត្តលោកខាងលិចរបស់អ៊ុយក្រែន ព្រមានដណ្តើមយកគ្រីមៀ មកវិញ បន្ទាប់ពីជិតមួយទសវត្សរ៍ ក្រោមការកាន់កាប់របស់រុស្ស៊ី។

នៅក្នុងសុន្ទរកថា តាមទូរទស្សន៍ជាតិកាលពីថ្ងៃព្រហស្បតិ៍ លោក Vadym Skibitskyi តំណាងនាយកផ្នែកស៊ើបការណ៍សំខាន់ នៃកងកម្លាំងប្រដាប់អាវុធនៃ ប្រទេសអ៊ុយក្រែនបានអះអាងថា ការស៊ើបការណ៍យោធា នៅក្នុងតំបន់បានបង្ហាញថា កងកម្លាំងនៅក្នុងឧបទ្វីប នៅតែស្ថិតក្នុងការត្រៀមខ្លួនប្រយុទ្ធជាប្រចាំ ខណៈដែលនៅក្នុងផ្នែកខ្លះ កងកម្លាំងរុស្ស៊ីត្រូវបានគេមើលឃើញថា កំពុងជីកកកាយលេណដ្ឋាន។ លេណដ្ឋាននៅលើឆ្នេរ ដែលជាកន្លែងដែលពួកគេជឿថា ប្រតិបត្តិការនាវាចរណ៍ របស់កងទ័ពជើងទឹកអាចកើតឡើង។

លោក Skibitsky បានលើកឡើងថា “នាយកផ្នែកស៊ើបការណ៍សំខាន់ តែងតែត្រួតពិនិត្យគ្រប់អ្វីៗទាំងអស់ ដែលទាក់ទងនឹងសកម្មភាព របស់ក្រុមយោធានៅតំបន់គ្រីមៀ ដែលកាន់កាប់ជាបណ្តោះអាសន្ន។ ពួកគេពិតជាកំពុងរៀបចំសម្រាប់ សកម្មភាពការពារនៅលើទឹកដី នៃឧបទ្វីបនេះប្រាកដមែន” ។

លោកបានបន្ថែមថា “ហេដ្ឋារចនាសម្ព័ន្ធត្រូវបានរក្សា នៅក្នុងការត្រៀមខ្លួនប្រយុទ្ធ ទាំងនេះគឺជាសមាសធាតុដី និងអាកាសចរណ៍ដ៏មានឥទ្ធិពល ដែលមានទីតាំងនៅលើទឹកដីនៃគ្រីមៀ ហើយទាំងនេះគឺជាយន្តហោះចម្បាំងប្រហែល ៩០គ្រឿង ឧទ្ធម្ភាគចក្រប្រយុទ្ធប្រហែល ៦០គ្រឿង ដែលមានទីតាំងនៅលើទឹកដីនៃគ្រីមៀ” ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top