បរទេស៖ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) កាលពីថ្ងៃសុក្របានចោទប្រកាន់ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងស្នងការសិទ្ធិកុមារ លោកស្រី Maria Lvova-Belova អាចប្រព្រឹត្តបទឧក្រិដ្ឋកម្មសង្រ្គាមដោយ “និរទេស” និង “ផ្ទេរ” កុមារពីអ៊ុយក្រែន។
ទីក្រុងមូស្គូបានច្រានចោលចំណាត់ការនេះ ហើយថា ជារឿងមិនពិត និងមិនមានកាតព្វកិច្ចស្របច្បាប់ទេ ចាប់តាំងពីរុស្ស៊ី មិនដែលបានផ្តល់សច្ចាប័ន លើយុត្តាធិការរបស់តុលាការ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា ពាក់ព័ន្ធនឹងដីការចាប់ខ្លួនរបស់ ICC នេះដែរ ក៏មានការលើកឡើងទិដ្ឋភាពច្បាប់ ចំនួន៤ ពីកាតព្វកិច្ចរបស់ប្រទេសរុស្ស៊ី។
ទី១. តើ ICC អះអាងពីអ្វីខ្លះ?
អង្គបុរេជំនុំជម្រះបានចេញ “ដីកាចាប់ខ្លួន” លោក ពូទីន និង លោកស្រី Lvova-Belova ដោយចោទប្រកាន់ពួកគេពីការទទួលខុសត្រូវ និងបញ្ជាដោយផ្ទាល់ សម្រាប់អ្វីដែលពួកគេបានពិពណ៌នាថា ជា “ការនិរទេសប្រជាជនដោយខុសច្បាប់ (កុមារ) និងការផ្ទេរប្រជាជនដោយខុសច្បាប់ (កុមារ) ពីការកាន់កាប់តំបន់អ៊ុយក្រែន”។ ការចោទប្រកាន់នេះ ហាក់ដូចជាផ្អែកលើការបកស្រាយ របស់រដ្ឋាភិបាលទីក្រុងគៀវ លើកិច្ចខិតខំប្រឹងប្រែងរបស់រុស្ស៊ី ក្នុងការជម្លៀសជនស៊ីវិល ចេញពីតំបន់ជួរមុខ ដែលយោធាអ៊ុយក្រែន បានកំណត់គោលដៅ ដែលជារឿយៗមានអាវុធផ្គត់ផ្គង់ ដោយអង្គការណាតូ។
ទី២. តើ “ដីកា” មានន័យដូចម្តេច?
បើនិយាយពីផ្លូវច្បាប់គឺអត់មានអីទេ។ ទោះបីជារុស្ស៊ីជាប្រទេសហត្ថលេខី នៃលក្ខន្តិកៈទីក្រុងរ៉ូម ដែលជាឯកសារបង្កើតរបស់ ICC ក៏ដោយ តែ វាមិនបានផ្តល់សច្ចាប័នលើសន្ធិសញ្ញានេះ ហើយបានដកខ្លួនចេញពីវាជាផ្លូវការនៅឆ្នាំ ២០១៦។ អ្វីក៏ដោយដែលតុលាការទាមទារ ឬធ្វើគឺទុកជាមោឃៈនៅក្នុងប្រទេសរុស្ស៊ី ។ ទាំងអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov និងអ្នកនាំពាក្យក្រសួងការបរទេសលោកស្រី Maria Zakharova បានបញ្ជាក់បែបនេះកាលពីថ្ងៃសុក្រ។
ទី៣. តើរុស្ស៊ីតែម្នាក់ឯងមិនទទួលស្គាល់ ICC ដែរឬទេ?
ខណៈពេលដែលរដ្ឋចំនួន ១២៣ បានចុះហត្ថលេខាលើលក្ខន្តិកៈទីក្រុងរ៉ូម ប្រទេសចំនួន៤១ មិនបានរាប់បញ្ចូលទាំងប្រទេសចិន ឥណ្ឌា អារ៉ាប៊ីសាអូឌីត និងតួកគី ឡើយ។ ក្រៅពីរុស្ស៊ី អ៊ីស្រាអែល ស៊ូដង់ និងអាមេរិក ក៏បានដកហត្ថលេខា របស់ពួកគេផងដែរ។ សភាសហរដ្ឋអាមេរិក ថែមទាំងបានអនុម័តច្បាប់មួយក្នុងឆ្នាំ ២០០២ ដែលហាមប្រាមកិច្ចសហប្រតិបត្តិការណាមួយ ជាមួយតុលាការ និងអនុញ្ញាតឱ្យ “គ្រប់មធ្យោបាយចាំបាច់ និងសមស្រប” ដើម្បីដោះលែងជនជាតិអាមេរិក – ឬជាតិនៃប្រទេសសម្ព័ន្ធមិត្ត – ពីតុលាការទីក្រុងឡាអេ ដោយកម្លាំងយោធា ប្រសិនបើចាំបាច់។
ទី៤. តើរុស្ស៊ីមានប្រតិកម្មយ៉ាងណា?
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានពណ៌នាសេចក្តីប្រកាសរបស់ ICC ថាជា “ការខឹងសម្បារ និងមិនអាចទទួលយកបាន”។ ព្រឹទ្ធសមាជិក Andrey Klishas មកពីគណបក្ស United Russia ដែលកំពុងកាន់អំណាចបាននិយាយថា ICC គ្រាន់តែដាក់ខ្លួន នៅលើផ្លូវឆ្ពោះទៅរកការបំផ្លាញខ្លួនឯង។ អតីតប្រធានាធិបតី និងជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក Dmitry Medvedev បានប្រៀបធៀប “ដីកា” ចាប់ខ្លួននេះ ទៅនឹងក្រដាសបង្គន់។ សមាជិកព្រឹទ្ធសភា Crimean លោក Sergei Tsekov បាននិយាយថា ការសម្រេចចិត្តរបស់ ICC បង្ហាញថា ស្ថាប័នដែលបង្កើតដោយលោកខាងលិច បានក្លាយទៅជា “គ្មានតម្លៃ និងមិនសំខាន់”។ លោកស្រី Lvova-Belova បាននិយាយដោយអរគុណទាំងហួសចិត្តដល់ “សហគមន៍អន្តរជាតិ” ដែលបានកោតសរសើរ ចំពោះការងាររបស់នាង ក្នុងការជួយសង្រ្គោះកុមារ ចេញពីតំបន់នៃប្រតិបត្តិការប្រយុទ្ធ៕ ប្រែសម្រួលៈ ណៃ តុលា