ព័ត៌មានអន្តរជាតិ

ប៉ូលិសបារាំង ហាមមិនឱ្យមានការប្រមូលផ្តុំទាំងអស់ នៅជុំវិញសភា ក្រោយមានការតវ៉ារឿងលោក Macron តម្លើងអាយុចូលនិវត្តន៍

បរទេស៖ ប៉ូលិសបារាំង បានហាមឃាត់ការប្រមូលផ្តុំទាំងអស់ នៅក្នុងកន្លែងតវ៉ាចំនួនពីរ នៅទូទាំងសភាក្នុងទីក្រុងប៉ារីស ដោយលើកឡើងពី “ហានិភ័យធ្ងន់ធ្ងរនៃការរំខាន ដល់សណ្តាប់ធ្នាប់សាធារណៈ” ។ នេះបើតាមការប្រកាស នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយ កាលពីថ្ងៃសៅរ៍។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា “ផ្លូវសាធារណៈនៅ Place de la Concorde និងតំបន់ជុំវិញរបស់វា” និងតំបន់ជុំវិញវិមាន Champs d’Elysees ត្រូវបានប្រកាសបិទ ដែនកំណត់បន្ទាប់ពីការតវ៉ាជាសាធារណៈ រយៈពេលពីរយប់ប្រឆាំងនឹងការសម្រេចចិត្តមិនពេញនិយម របស់ប្រធានាធិបតីបារាំងលោក Emmanuel Macron ក្នុងការណែនាំ កំណែទម្រង់សោធននិវត្តន៍ neoliberal (គោលនយោបាយកាត់បន្ថយ ការចំណាយរបស់រដ្ឋាភិបាល) ដោយគ្មានការយល់ព្រមពីសភា។

ប៉ូលីសបាននិយាយថា បាតុករចំនួន ៦១នាក់ត្រូវបានចាប់ខ្លួននៅក្នុងតំបន់ហាមឃាត់កាលពីថ្ងៃសុក្រ បន្ទាប់ពីបានគប់ដប និងកាំជ្រួច ទៅកាន់មន្រ្តីយ៉ាងច្រើន ដែលបានមកដល់ដើម្បីបំបែកហ្វូងមនុស្សរាប់ពាន់នាក់។ ប៉ូលិស​បាន​ឆ្លើយ​តប​ដោយ​ប្រើ​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក។

បន្ថែមលើសពីនេះ មនុស្ស ៣៦ នាក់ផ្សេងទៀតត្រូវបានចាប់ខ្លួននៅទីក្រុង Lyon បន្ទាប់ពីក្រុមបាតុករត្រូវបានចោទប្រកាន់ថា បានព្យាយាមលួចចូល និងដុតបំផ្លាញសាលាក្រុង។

សូមជម្រាបថា កំណែទម្រង់នេះបង្កើនអាយុចូលនិវត្តន៍ពីរឆ្នាំពី ៦២ ទៅ ៦៤ឆ្នាំ នៅឆ្នាំ ២០៣០ ហើយតម្រូវឱ្យអ្នកធ្វើការចូលរួមចំណែកក្នុងប្រព័ន្ធសម្រាប់រយៈពេល ៤៣ ឆ្នាំមុនពេលពួកគេអាចទទួលបានប្រាក់សោធនពេញលេញ។ លោក Macron ប្រធានាធិបតីបារាំងបានអះអាងថា វិធានការនេះគឺចាំបាច់ដើម្បីជៀសវាងប្រទេសនេះធ្លាក់ចូល ទៅក្នុងរង្វង់បំណុលដែលមិនអាចត្រឡប់វិញបាន។ ទោះយ៉ាងណាក៏ដោយ ពីរភាគបីនៃអ្នកបោះឆ្នោតបារាំងជំទាស់នឹងការគម្រោងនេះ ហើយអ្នកនយោបាយប្រឆាំងបានជំទាស់ថា មានមធ្យោបាយផ្សេងទៀតក្នុងការបិទគម្លាតសារពើពន្ធ ដូចជាការដំឡើងពន្ធលើអ្នកមាន ជាដើម៕

ប្រែសម្រួលៈ ណៃ តុលា

To Top