ព័ត៌មានអន្តរជាតិ

ព្រះមហាក្សត្រថៃ ចេញព្រះរាជក្រឹត្យរំលាយរដ្ឋសភា មុនពេលបោះឆ្នោតសកល ប្រព្រឹត្តទៅនៅក្នុងខែឧសភា

បាងកក៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ថា ព្រះមហាក្សត្រថៃមហា វិជ្ជរាឡុងកន ( Maha Vajiralongkorn) បានចេញព្រះរាជក្រឹត្យមួយ ស្តីពីការរំលាយសភា ។ នេះបើយោងតាមសេចក្តីប្រកាសមួយ ដែលចុះផ្សាយនៅក្នុងរាជសារព័ត៌មាន នៅថ្ងៃចន្ទនេះ ដោយបានត្រួសត្រាយផ្លូវសម្រាប់ការបោះឆ្នោតសកល ដែលនឹងប្រព្រឹត្តទៅនៅក្នុងខែឧសភាខាងមុខ ។

ព្រះរាជក្រឹត្យដែលចេញកាលពីថ្ងៃទី១៧ ខែមីនា បានចូលជាធរមាននៅថ្ងៃចន្ទនេះ ។ រដ្ឋធម្មនុញ្ញថៃ ចែងថា ការបោះឆ្នោតត្រូវធ្វើចន្លោះពី៤៥ ទៅ៦០ថ្ងៃបន្ទាប់ពីការរំលាយសភា ។ នេះមានន័យថា ការបោះឆ្នោតនឹងធ្វើឡើងនៅចន្លោះថ្ងៃទី៤ ដល់ថ្ងៃទី១៩ ខែឧសភាខាងមុខ ។

កាលបរិច្ឆេទពិតប្រាកដនៃការបោះឆ្នោតនឹងត្រូវប្រកាសដោយគណៈកម្មាធិការរៀបចំការបោះឆ្នោត ហើយត្រូវបានចុះផ្សាយក្នុងរាជសារព័ត៌មាន ។

គួររំលឹកថា កាលពីសប្តាហ៍មុន លោក ប្រាយុទ្ធ ចាន់ឧចា នាយករដ្ឋមន្ត្រីថៃ បានស្នើសុំព្រះរាជក្រឹត្យរំលាយសភា មុនពេលបញ្ចប់អាណត្តិរយៈពេល៤ឆ្នាំរបស់រដ្ឋាភិបាលនៅថ្ងៃទី២៣ ខែមីនា ។

គេបានដឹងថា ប្រទេសថៃឡង់ដ៏ បានរៀបចំការបោះឆ្នោតលើកមុនរបស់ខ្លួននៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩ ដែលជាការផ្លាស់ប្តូរពីរបបយោធាជិត៥ឆ្នាំឆ្ពោះទៅរកការបង្កើតរដ្ឋាភិបាលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យឡើងវិញ ។

មេដឹកនាំរបបយោធា លោកឧត្តមសេនីយ៍ ប្រាយុទ្ធ ដែលជាបេក្ខជនមកពីគណបក្ស Palang Pracharat នៅពេលនោះ ត្រូវបានជ្រើសរើសជានាយករដ្ឋមន្ត្រី ។ លោកបានធ្វើរដ្ឋប្រហារយោធាក្នុងឆ្នាំ២០១៤ ដើម្បីដណ្តើមអំណាចពីរដ្ឋាភិបាលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យរបស់លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top