ព័ត៌មានអន្តរជាតិ

អាមេរិក ប្រកាសផ្តល់កញ្ចប់ ជំនួយយោធា ៣៥០លានដុល្លារទៀត ឲ្យអ៊ុយក្រែន

បរទេស៖ ក្រសួងការពារជាតិរបស់ប្រទេសអាមេរិក កាលពីថ្ងៃចន្ទម្សិលមិញ បានប្រកាសថា នឹងធ្វើការផ្តល់ជូនឲ្យប្រទេសអ៊ុយក្រែននូវ កញ្ចប់ជំនួយយោធាដែលមានតម្លៃប្រមាណជា ៣៥០លានដុល្លារទៀត។

យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថាការផ្គត់ផ្គង់បន្ថែម របស់អាមេរិកនេះបានធ្វើឡើង ត្រៀមសម្រាប់ការប្រយុទ្ធគ្នានា រដូវខាងមុខទោះបីជាអ៊ុយក្រែន ទើបតែបានបាត់បង់ចំណែកមួយធំនៃតំបន់ Donbass ទៅឲ្យរុស្សីហើយនោះ។

កញ្ចប់ជំនួយយោធាលើកនេះ ត្រូវបានគេដឹងដែរថា មានបូករួមទាំងគ្រាប់រំសេវសម្រាប់ ប្រព័ន្ធបាញ់គ្រាប់កាំភ្លើងធំ HIMARS គ្រាប់កាំភ្លើងធំទំហំ 155-mm ជាច្រើនគ្រាប់មីស៊ីលប្រឆាំងវត្ថុមានល្បឿនលឿន HARM ជាច្រើនគ្រាប់ព្រមទាំងគ្រាប់កាំភ្លើង ប្រឆាំងរថក្រោះជាច្រើនផ្សេងទៀតផងដែរ។

គួរឲ្យដឹងដែរថា សេចក្តីប្រកាសរបស់អាមេរិក បានធ្វើឡើងនៅចំថ្ងៃជាមួយគ្នា ដែលបណ្តាប្រទេសអឺរ៉ុបជាច្រើន ដែលបានជុំគ្នានៅប្រទេសប៊ែលហ្ស៊ិក និងបានសម្រេចឈានទៅដល់ការ សន្យាផ្គត់ផ្គង់គ្រាប់កាំភ្លើងធំប្រមាណជា ១លានគ្រាប់ទៀតឲ្យអ៊ុយក្រែន ឬមានតម្លៃសរុបដល់ទៅ ២ពាន់លានអឺរ៉ូ៕

ប្រែសម្រួល៖ ស៊ុន លី

To Top