រសៀលថ្ងៃទី២០ ខែមីនា តាមម៉ោងក្នុងតំបន់ លោក Xi Jinping ប្រធានរដ្ឋចិន ដែលទើបធ្វើដំណើរទៅដល់ក្រុងម៉ូស្គូ បានជួបសន្ទនា ជាមួយលោក ពូទីន ប្រធានាធិបតីរុស្ស៊ី នៅវិមានក្រឹមឡាំង តាមការណាត់ ។ ប្រមុខរដ្ឋ នៃប្រទេសទាំងពីរ បានធ្វើការផ្លាស់ប្តូរយ៉ាងស៊ីជម្រៅ និងស្មោះត្រង់អំពីទំនាក់ទំនង រវាងចិននិងរុស្ស៊ី និងបញ្ហាដែលភាគីទាំងពីរ យកចិត្តទុកដាក់ដូចគ្នា ។
ថ្លែងក្នុងកិច្ចជំនួប លោក Xi Jinping បានលើកឡើងថា ក្នុងនាមជាប្រទេស ជិតខាងធំជាងគេ និង ជាដៃគូសម្របសម្រួល និងសហការជាយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ ទំនាក់ទំនង រវាងចិននិងរុស្ស៊ីមានអាទិភាពក្នុងកិច្ចការទូត និងគោលនយោបាយ ចំពោះក្រៅប្រទេសរៀងគ្នា ។ ចិននិងរុស្ស៊ីសុទ្ធតែបាន ធ្វើកិច្ចខិតខំប្រឹងប្រែង ដើម្បីអភិវឌ្ឍឱ្យ ប្រទេសជាតិ មានភាពរុងរឿង សុទ្ធតែគាំទ្រការធ្វើពហុប៉ូលភាវូបនីយកម្មពិភពលោក សុទ្ធតែជំរុញប្រជាធិបតេយ្យ ភាវូបនីយកម្មនៃ ទំនាក់ទំនងអន្តរជាតិ ។ ភាគីទាំងពីរគួរធ្វើឱ្យកិច្ចសហប្រតិបតិ្តការ ជាក់ស្តែងលើគ្រប់វិស័យមាន ភាពស៊ីជម្រៅថែមទៀត បង្កើនកិច្ច សម្របសម្រួល និងសហការក្នុងវេទិកាកពហុភាគី ដូចជាអង្គការ សហប្រជាជាតិជាដើម ក្នុង ន័យជំរុញការអភិវឌ្ឍ និងវិបុលភាព របស់ប្រទេសរៀងៗខ្លួន និងធ្វើជាសសរទ្រទ្រង់នៃសន្តិភាព និងស្ថិរភាពរបស់ពិភពលោក ។
ជាការឆ្លើយតប លោក ពូទីន បានថ្លែងថា ក្រោមកិច្ចខិតខំប្រឹងប្រែងរួម របស់ភាគីទាំងពីរ ប៉ុន្មានឆ្នាំចុងក្រោយនេះ ទំនាក់ទំនងរវាងរុស្ស៊ី និងចិនទទួលបានផ្លែផ្កា គួរឱ្យកត់សម្គាល់លើគ្រប់វិស័យ ។ រុស្ស៊ីរីករាយរួមសហការជាមួយចិន បន្តធ្វើឱ្យកិច្ចសហប្រតិបតិ្តការជាក់ស្តែងទ្វេភាគី មានភាពកាន់តែស៊ីជម្រៅ បង្កើនការប្រាស្រ័យទាក់ទង និង កិច្ចសហការក្នុងកិច្ចការអន្តរជាតិ ដើម្បីជំរុញដំណើរការ នៃការធ្វើពហុប៉ូលភាវូបនីយកម្ម ពិភពលោក និងប្រជាធិបតេយ្យភាវូបនីយកម្ម នៃទំនាក់ទំនងអន្តរជាតិ ៕