ព័ត៌មានអន្តរជាតិ

វៀតណាម លើកឡើងពីក្តីព្រួយបារម្ភ យ៉ាងខ្លាំងទៅលើករណី ឆ្លងរីករាលដាល នៃជំងឺគ្រុនឈាម

ហាណូយ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ថា ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍នៅថ្ងៃអង្គារនេះថា ប្រទេសវៀតណាម មានការ ព្រួយបារម្ភយ៉ាងខ្លាំង អំពីការរីករាលដាល នៃជំងឺគ្រុនឈាម បន្ទាប់ពីក្រសួងសុខាភិបាល បានឃើញការកើនឡើង នៃចំនួនករណីនេះ ។

ក្រសួងសុខាភិបាលបានឲ្យដឹងថា ចំនួនករណីជំងឺគ្រុនឈាម នៅក្នុងប្រទេសវៀតណាម នៅក្នុងរយៈពេល២ខែដំបូង ក្នុងឆ្នាំនេះបានកើនឡើង ទ្វេដងបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយមានការឆ្លង ភាគច្រើននៅក្នុងខេត្តភាគខាងត្បូង និងភាគកណ្តាល ។

ជំងឺឆ្លងពីសត្វមូសខ្លា គឺជាបញ្ហាប្រចាំឆ្នាំក្នុងប្រទេស អាស៊ីអាគ្នេយ៍មួយនេះដែលបានកត់ត្រាចំនួន៣៦១.៨១៣ករណី និងស្លាប់១៣៣នាក់កាលពីឆ្នាំមុន ។

ក្រសួងសុខាភិបាលបានចេញសេចក្តីព្រមានដល់អាជ្ញាធរមូលដ្ឋាន ស្ថាប័នពាក់ព័ន្ធ និងមណ្ឌលថែទាំសុខភាពឲ្យតាមដានស្ថានការណ៍ឲ្យបានដិតដល់ និងចាត់វិធានការបង្ការជាបន្ទាន់ ដើម្បីត្រៀមខ្លួនជាស្រេច ដើម្បីត្រៀមធនធានសម្រាប់ករណីធ្ងន់ធ្ងរ ក្នុងគ្រាដែលអាចកើតមានជំងឺគ្រុនឈាម ។

ជម្ងឺគ្រុនឈាមបណ្តាលឱ្យមាន រោគសញ្ញាដូចជំងឺផ្តាសាយ ហើយទម្រង់ធ្ងន់ធ្ងររបស់វាអាចបណ្តាល ឱ្យមានការហូរឈាមខាងក្នុង ។ មិនទាន់មានការព្យាបាលជាក់លាក់ និងមិនទាន់មានវ៉ាក់សាំង នៅឡើយទេ ។

កន្លែងបង្កាត់ពូជនៃជំងឺនេះច្រើនតែមាននៅក្នុងធុងទឹក និងធុងសំរាម ។ ស្ថានភាពគ្មានអនាម័យ អាកាសធាតុក្តៅ និងភ្លៀងធ្លាក់ខ្លាំង ជួយដល់ការរីករាលដាល នៃការឆ្លងមេរោគ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top