ព័ត៌មានអន្តរជាតិ

ដំណើរ​ទស្សនកិច្ច​នៅ​ឥណ្ឌា ​របស់នាយករដ្ឋមន្រ្តីជប៉ុន បង្ហាញពី​ក្តី​បារម្ភ​នៃ​ការ​ប្រឈម​មុខ​ដាក់​គ្នា ​នៅក្នុង​ប្លុកឥណ្ឌូប៉ាស៊ីហ្វិក

ប៉េកាំង៖ នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា បានទៅដល់ប្រទេសឥណ្ឌាកាលពីថ្ងៃចន្ទ ដើម្បីបំពេញទស្សនកិច្ចរយៈពេលពីរថ្ងៃ បន្ទាប់ពីទើបតែបានជួប ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk-yeol និងអធិការបតីអាល្លឺម៉ង់លោក Olaf Scholz នៅទីក្រុងតូក្យូ។

ទំនាក់ទំនងការទូតសកម្មបែបនេះ ដែលបានកើតឡើងនៅពេល ដែលសហរដ្ឋអាមេរិក កំពុងផ្តល់ការយកចិត្តទុកដាក់ភាគច្រើនរបស់ខ្លួន ចំពោះជម្លោះរុស្ស៊ី-អ៊ុយក្រែន ហើយប្រទេសជប៉ុនកំពុងធ្វើជាប្រធាន G7 នៅឆ្នាំនេះ បានបង្កើនក្តីបារម្ភនៃការប្រឈមមុខដាក់គ្នា ក្នុងតំបន់កាន់តែធ្ងន់ធ្ងរឡើង។

នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយ បន្ទាប់ពីជួបជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា ណារិនដ្រា ម៉ូឌី កាលពីថ្ងៃចន្ទ លោក គីស៊ីដា បានឲ្យដឹងថា លោកនឹងប្រកាសនូវអ្វីដែលគេហៅថា ផែនការថ្មី ស្តីពីសេរីភាព និងបើកចំហឥណ្ឌូប៉ាស៊ីហ្វិក (FOIP) នៅលើទឹកដីនៃប្រទេសឥណ្ឌា។

សារព័ត៌មាន The Indian Express បានរាយការណ៍ថា លោក គីស៊ីដា បានលើកឡើងថា រូបលោក និងលោក ម៉ូឌី បានឯកភាពគ្នាលើបញ្ហាជាច្រើន រួមទាំងសន្តិសុខស្បៀង និងហិរញ្ញវត្ថុអភិវឌ្ឍន៍ដោយយុត្តិធម៌ និងតម្លាភាព។

លោក ម៉ូឌី បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា ពួកគេក៏បានពិនិត្យមើលវឌ្ឍនភាព ក្នុងទំនាក់ទំនងទ្វេភាគី រួមទាំងវិស័យការពារជាតិផងដែរ។ លោកបានលើកឡើងថា ភាគីទាំងពីរក៏បានពិភាក្សាអំពីសារៈសំខាន់ នៃខ្សែសង្វាក់ផ្គត់ផ្គង់ដែលអាច ទុកចិត្តបានសម្រាប់ឧបករណ៍ semiconductors និងបច្ចេកវិទ្យាសំខាន់ៗផ្សេងទៀត។

អ្នកជំនាញបានឲ្យដឹងថា ទោះបីជាមិនបាននិយាយយ៉ាងច្បាស់ អំពីប្រទេសចិនក៏ដោយ ប្រធានបទមួយចំនួន ដែលពួកគេបានពិភាក្សា នឹងបារម្ភពីប្រទេសចិន ដូចជាការផ្ទេរខ្សែសង្វាក់ ឧស្សាហកម្មរបស់ប្រទេសជប៉ុន ទៅកាន់ប្រទេសឥណ្ឌា និងកិច្ចសហប្រតិបត្តិការយោធាទ្វេភាគី។

លោក Liu Jiangyong អនុប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ សម័យទំនើបនៃសាកលវិទ្យាល័យ Tsinghua បានកត់សម្គាល់ថា ប្រទេសជប៉ុន បាននិងកំពុងអនុវត្តយ៉ាងសកម្មនូវចេតនា ជាយុទ្ធសាស្រ្តរបស់ខ្លួនចាប់តាំងពីការ អនុម័តយុទ្ធសាស្ត្រសន្តិសុខជាតិក្នុងខែធ្នូ ឆ្នាំ២០២២។

សហរដ្ឋអាមេរិក កំពុងផ្តោតការយកចិត្តទុកដាក់ ភាគច្រើនលើប្រទេសរុស្ស៊ី។ យោងតាមលោក Liu បានឱ្យដឹងថា ជម្លោះអ៊ុយក្រែន ដែលទុកកន្លែងទំនេរសម្រាប់ប្រទេសជប៉ុន ដើម្បីលើកកម្ពស់យ៉ាងសកម្មលើ FOIP របស់ខ្លួននៅក្នុងតំបន់ ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top