ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន កំពុងរង់ចាំការបញ្ជាក់ ជុំវិញជំនួបរវាងលោក Zelensky និងប្រធានាធិបតីចិន

បរទេស៖ ​ឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែន លោកស្រី Irina Vereshchuk បាននិយាយថា ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky និងសមភាគីចិន លោក Xi Jinping មានរឿងជាច្រើនដែលត្រូវពិភាក្សា ប៉ុន្តែបច្ចុប្បន្ននេះ វាមិនច្បាស់ទេថា តើការសន្ទនារបស់មេដឹកនាំទាំងពីរ នឹងកើតឡើងពិតប្រាកដឬយ៉ាងណានោះទេ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថាលោកស្រី Vereshchuk បានប្រាប់កាសែតអ៊ីតាលី Corriere della Sera នៅថ្ងៃអង្គារ ការហៅទូរស័ព្ទដែលកំពុង ត្រូវបានពិចារណារវាងប្រមុខរដ្ឋទាំងពីរ “នឹងក្លាយជាការផ្លាស់ប្តូរដ៏សំខាន់មួយ។ ប្រធានាធិបតីចិន និង អ៊ុយក្រែន មានរឿងដែលត្រូវនិយាយជាមួយគ្នា” ។

ប៉ុន្តែនៅពេលសួរថាតើ ការសន្ទនានេះនឹងកើតឡើង “ប្រាកដ” ឬយ៉ាងណា? លោកស្រីបានឆ្លើយថា “ខ្ញុំមិនដឹងទេ។ យើង​កំពុង​រង់ចាំ​ការ​បញ្ជាក់»។

សូមជម្រាបថា លោក Xi Jinping ប្រធានាធិបតីចិន មិនបាននិយាយជាមួយលោក Zelensky សូម្បីតែម្តង ចាប់តាំងពីជម្លោះរវាងទីក្រុងម៉ូស្គូ និងទីក្រុងគៀវ បានចាប់ផ្តើមជាងមួយឆ្នាំមុនមក។ កាលពីសប្តាហ៍មុន កាសែត Wall Street Journal បានរាយការណ៍ដោយដកស្រង់ប្រភព មិនបញ្ចេញឈ្មោះដែលដឹងពីបញ្ហានេះថា មេដឹកនាំនៃប្រទេសចិន និងអ៊ុយក្រែន អាចនឹងរៀបចំ “កិច្ចប្រជុំនិម្មិត (តាមអនឡាញ)” បន្ទាប់ពីលោក Xi ត្រឡប់ពីដំណើរទស្សនកិច្ចនៅក្នុងប្រទេសរុស្ស៊ី៕

ប្រែសម្រួលៈ ណៃ តុលា

To Top