ព័ត៌មានអន្តរជាតិ

មូស្គូ ៖ អាមេរិក នឹងមិនអនុញ្ញាតិ ឲ្យអ៊ុយក្រែនសូម្បីតែចូលរួម តុចរចានោះឡើយ

បរទេស ៖ អ្នកនាំពាក្យ របស់វិមានក្រមឡាំងលោក Dmitry Peskov បានធ្វើការលើកឡើង កាលពីថ្ងៃម្សិលមិញថា ក្រុមអ្នកគាំទ្រអ៊ុយក្រែន ដែលស្ថិតនៅលោកខាងលិច ព្រមទាំងសហរដ្ឋអាមេរិកផង ជាពិសេសនឹងព្យាយាមគ្រប់បែបយ៉ាង ដើម្បីអាចការពារឲ្យរដ្ឋាភិបាល ទីក្រុងគៀវ ក្នុងការសម្រេចចិត្តចូលរួមអង្គុយ នៅតុចរចាជាមួយនឹងប្រទេសរុស្សីឡើយ ។

សេចក្តីថ្លែងការណ៍ របស់លោកអ្នក នាំពាក្យរូបនេះ ត្រូវបានយកមកចេញផ្សាយនៅ RT ដោយក្នុងនោះលោកបានបន្ថែមទៀត ផែនការសន្តិភាពដែលកំពុងត្រូវបានរៀបចំ និងត្រៀមរួចរាល់ហើយក្នុងអំឡុង នៃជំនួបពិភាក្សារវាងមេដឹកនាំរុស្សី និងចិននាទីក្រុងមូស្គូ កាលពីថ្ងៃអង្គារម្សិលមិញនេះ ។

លោក Peskov ក៏បានធ្វើការរិះគន់ទៅលើបណ្តាក្រុមមន្ត្រី ជាន់ខ្ពស់របស់លោកខាងលិច ទាំងឡាយផងដែរ ដែលកន្លងមកតែងតែបានធ្វើការអះអាងថា ខ្លួនគឺជាអ្នកដែលមានគំនិតផ្តួចផ្តើម សម្រាប់សន្តិភាពនៅអ៊ុយក្រែន ប៉ុន្តែបែរជាមិនទទួលយកការពិភាក្សាគ្នា រវាងមូស្គូនិងប៉េកាំងទៅវិញ។

ជាក់ស្តែងក្នុងនោះនៅមុនជំនួប រវាងមេដឹកនាំចិននិងរុស្សីលោក John Kirby អ្នកនាំពាក្យរបស់សេតវិមាន បានថ្លែងថាបទឈប់បាញ់គ្នាណាមួយ ឬសេចក្តីព្រាងសន្តិភាពណាមួយ ដែលធ្វើឡើងក្រោយជំនួបនេះ នឹងមិនអាចទទួលយកបានជាដាច់ខាត ៕

ប្រែសម្រួល៖ស៊ុនលី

To Top