ព័ត៌មានអន្តរជាតិ

កម្ពុជា៖ អាមេរិក ចេញរបាយការណ៍ស្ដីពី ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា បានលាតត្រដាងយ៉ាងជាក់ស្តែង ពីស្តង់ដារពីរ នៅក្នុងការអនុវត្តរបស់ខ្លួន

ភ្នំពេញ៖ លោក អាន សុខឃឿន អ្នកនាំពាក្យក្រសួងការបរទេសខ្មែរ បានកត់សម្គាល់ជាមួយការខកចិត្ត ចំពោះរបាយការណ៍របស់ក្រសួងការបរទេសអាមេរិក ស្តីពី ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ឆ្នាំ២០២២” និងថា របាយករណ៍នេះ បានលាតត្រដាងយ៉ាងជាក់ស្តែងអំពីស្តង់ដារពីរ នៅក្នុងការអនុវត្តរបស់អាមេរិក ។

​តាមរយៈសេចក្ដីថ្លែងការណ៍ នាថ្ងៃទី២២ មីនា អ្នកនាំពាក្យក្រសួងការបរទេសខ្មែរ បានបញ្ជាក់យ៉ាងដូច្នេះថា «របាយការណ៍របស់ក្រសួងការបរទេសអាមេរិកស្តីពី ស្ថានភាពសិទ្ធិមនុស្សនៅបណ្តាប្រទេសផ្សេងៗ រួមទាំងកម្ពុជា លាតត្រដាងយ៉ាងជាក់ស្តែងអំពីស្តង់ដារពីរ នៅក្នុងការអនុវត្តរបស់ខ្លួន ជាពិសេស ពុំបានចេញផ្សាយនូវរបាយការណ៍ ស្តីពីសហរដ្ឋអាមេរិកខ្លួនឯង» ។

លោកបន្តថា អាមេរិក ដែលប្រកាន់របបលទ្ធិប្រជាធិបតេយ្យ តាមបែបរបស់ខ្លួនជាងពីររយឆ្នាំមកហើយ នៅតែជួបប្រទះបញ្ហារំលោភបំពាន សិទ្ធិមនុស្សជាប្រព័ន្ធ រៀងរាល់ថ្ងៃ ដែលក្នុងចំណោមបញ្ហាប្រឈមធំៗមានដូចជា ការរើសអើងជាតិសាសន៍ ឧក្រិដ្ឋកម្មស្អប់ខ្ពើមពូជសាសន៍ ការបាញ់សម្លាប់ទ្រង់ទ្រាយធំ និងអំពើឃោរឃៅរបស់នគរបាល ការរំលោភបំពានក្នុងពន្ធនាគារ អត្រាមរណភាពរាប់លាននាក់ ដោយសារជំងឺរាតត្បាត ការកាត់ទោសប្រហារជីវិត ការរិតត្បិតសិទ្ធិរំលូតកូន ជាដើម ។ល។

អ្នកនាំពាក្យបន្ថែមថា របាយការណ៍ខាងលើគ្រាន់តែជាការចងក្រងជ្រើសរើសតែមួយជ្រុង នៃព្រឹត្តិការណ៍ ដែល ផ្អែកលើការបោះពុម្ពផ្សាយពុំមានការផ្ទៀងផ្ទាត់ព័ត៌មានត្រឹមត្រូវរបស់អង្គការក្រៅរដ្ឋាភិបាលទទួលមូលនិធិពីបរទេស។ ការអះអាងថាមាន «ប្រភពអាចទុកចិត្តបាន» ដែលគុណវុឌ្ឍិរបស់ប្រភពទាំងនោះគួរឱ្យសង្ស័យ​ ពុំធ្វើឱ្យរបាយការណ៍ខាងលើជឿទុកចិត្តបានទេ។​

លោកគូសបញ្ជាក់ថា ផ្ទុយទាំងស្រុងទៅវិញ របាយការណ៍ខាងលើ បានបិទភ្នែកធ្វើជាមើលមិនឃើញ នូវវោហាសាស្ត្រដ៏គ្រោះថ្នាក់ និងជ្រុលនិយមរបស់ក្រុមប្រឆាំងមួយចំនួន ដែលផ្សព្វផ្សាយព័ត៌មានមិនពិត ជេរប្រមាថនិងបង្កាច់បង្ខូចកេរ្ត៍ឈ្មោះដោយគ្មានការរើសអើង ញុះញង់ឱ្យមានអំពើហិង្សានិងការស្អប់ខ្ពើមជាតិសាសន៍ ព្រមទាំងអំពាវនាវឱ្យមានការបះបោរប្រឆាំងរដ្ឋាភិបាលស្របច្បាប់ ដែលទង្វើទាំងអស់នេះត្រូវបានថ្កោលទោសយ៉ាងធ្ងន់ធ្ងរ នៅក្នុងបណ្តាប្រទេសលោកខាងលិច។ ឧទាហរណ៍មួយដែលបង្ហាញយ៉ាងច្បាស់អំពីស្តង់ដារពីរ គឺ អាជ្ញាធរ សហរដ្ឋអាមេរិកបានចាត់វិធានការតាមផ្លូវច្បាប់ ចំពោះបុគ្គលជាង ១.០០០នាក់ ដែលត្រូវបានចោទប្រកាន់ថា បានជាប់ពាក់ព័ន្ធនឹងការបះបោរនៅវិមានសភា។ ផ្ទុយទៅវិញ សម្រាប់ស្ថានភាពដូចគ្នា នៅពេលអនុវត្តនៅកម្ពុជា របាយការណ៍ខាងលើបានថ្លែងរំលេចថាជា ការកាត់ក្តីទ្រង់ទ្រាយធំ ដើម្បីបំបិទទស្សនៈមិនស្របគ្នាទៅវិញ។

លោក អាន សុខឃឿន លើកឡើងថា សេរីភាពនៃការបញ្ចេញមតិ នៅតែរស់រវើក និងប្រកបដោយថាមវន្ត។ ការជ្រៀតចូលក្នុងកម្រិតខ្ពស់នូវអ៊ិនធឺណិតចល័តនៅកម្ពុជា បានផ្ដល់លទ្ធភាពជូនប្រជាពលរដ្ឋសាមញ្ញ ទទួលបានដោយគ្មានការរឹតត្បឹតនូវព័ត៌មានពីគ្រប់ប្រភពយ៉ាងទូលំទូលាយ រួមទាំងប្រភពរិះគន់រដ្ឋាភិបាល ក៏ដូចជា ការដាក់ពាក្យបណ្តឹងតវ៉ាតាមរយៈប្រព័ន្ធសង្គម ដោយផ្ទាល់ទៅកាន់ថ្នាក់ដឹកនាំកំពូលតែម្តង។ សំឡេងរបស់ប្រជាពលរដ្ឋក៏ត្រូវបានបន្លឺបន្ថែមទៀត តាមរយៈវត្តមានដ៏រឹងមាំនៃបណ្តាញសារព័ត៌មានបែបឌីជីថលនិងប្រពៃណី ប្រមាណជិត ២.០០០អង្គភាព។ រាជរដ្ឋាភិបាលបន្តស្វាគមន៍ការប្រមូលផ្តុំស្របច្បាប់ និងទទួលស្គាល់ចំពោះមតិរិះគន់ ប្រកបដោយភាពស្មោះត្រង់ ពីបណ្ដាភាគីផ្សេងៗ។

លោកថ្លែងថា រាល់ការចោទប្រកាន់ទាំងអស់ត្រូវបានធ្វើឡើង ដោយសារមានការបំពានលើច្បាប់រដ្ឋធម្មនុញ្ញ និងច្បាប់ព្រហ្មទណ្ឌ ដោយពុំជាប់ពាក់ព័ន្ធនឹងនយោបាយទេ។ ចុងចោទទទួលបានសិទ្ធិពេលលេញចូលរួមក្នុងសវនាការ ក៏ដូចជាសិទ្ធិការពារតាមផ្លូវច្បាប់ផងដែរ។ ការចូលរួមជាមួយគណបក្សនយោបាយមួយ ឬការអះអាងថាជា «អ្នកការពារសិទ្ធិមនុស្ស» ពុំមានឥទ្ធិពលអ្វីទាល់តែសោះ នៅពេលប្រព្រឹត្តល្មើសច្បាប់។ ឧក្រិដ្ឋកម្ម គឺជាឧក្រិដ្ឋកម្ម ហើយគេមិនអាចប្រើប្រាស់ទង្វើរជាឧក្រិដ្ឋកម្មនោះ ថាមានភាពត្រឹមត្រូវសម្រាប់បុព្វហេតុដទៃទេ។

អ្នកនាំពាក្យរូបនេះសង្កត់ធ្ងន់ថា ដោយពុំគិតពីហេតុផលនយោបាយនៅពីក្រោយរបាយការណ៍ខាងលើ របៀបវារៈរបស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការលើកកម្ពស់ និងការការពារសិទ្ធិមនុស្ស នៅតែបន្តស្ថិតនៅយ៉ាងរឹងមាំដូចមុនដដែល។ ក្នុងនាមជាប្រទេសដែលធ្លាប់រងគ្រោះសង្រ្គាមជាងពីរទសវត្សរ៍ អំពើប្រល័យពូជសាសន៍ និងការហ៊ុមព័ទ្ធដោយអយុត្តិធម៌ កម្ពុជានៅបន្តផ្តល់អាទិភាពយ៉ាងខ្លាំង ចំពោះសន្តិភាពដែលរកបានយ៉ាងលំបាក ហើយកម្ពុជានៅបន្តបេ្តជ្ញាចិត្តឥតងាករេក្នុងដំណើរមិនត្រលប់ថយក្រោយ ក្នុងការបន្តពង្រឹងលិទ្ធិប្រជាធិបតេយ្យវ័យក្មេងរបស់ខ្លួន ៕

To Top