កាប៊ុល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ថា លោក Sharafat Zaman Amar អ្នកនាំពាក្យក្រសួងសុខាភិបាលសាធារណៈ បានលើកឡើងកាលពីថ្ងៃពុធ យ៉ាងហោចណាស់មនុស្ស ៤នាក់ បានស្លាប់ និង៨០នាក់ទៀតរងរបួស ដោយសារគ្រោះរញ្ជួយដីកម្រិត៦,៥រ៉ិចទ័រ បានអង្រួនផ្នែកខ្លះនៃប្រទេសអាហ្វហ្គានីស្ថាន កាលពីយប់ថ្ងៃអង្គារ ។
លោក Amar បានប្រាប់ដល់ទីភ្នាក់ងារស៊ិនហួថា “របាយការណ៍ចុងក្រោយដែលយើងប្រមូលបានបង្ហាញថា មនុស្ស៤នាក់បានស្លាប់ និង៨០នាក់ផ្សេងទៀតបានរងរបួស” ។
ដោយមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ មន្ត្រីរូបនេះបានឲ្យដឹងទៀតថា ចំនួនអ្នកស្លាប់ និងរបួសអាចនឹងកើនឡើង ខណៈដែលកំពុងបន្តធ្វើការប្រមូលព័ត៌មានពីខេត្ត ។
លោក Abidullah Alkozai ប្រធានអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិនៅខេត្ត Laghman ភាគខាងកើត បានបញ្ជាក់ថា មនុស្ស២នាក់រួមទាំងកុមារម្នាក់ត្រូវបានសម្លាប់ និង២០នាក់ផ្សេងទៀតបានរងរបួសនៅក្នុងខេត្តនេះកាលពីយប់ថ្ងៃអង្គារ។
លោកបានបន្តថា ផ្ទះសរុបចំនួន១៦៧ខ្នងបានខូចខាត ឬបំផ្លាញដោយសារការរញ្ជួយដីនៅខេត្ត Laghman ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា