ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានឲ្យដឹងថាវិបត្តិធនាគារ Silicon Valley Bank (SVB) បានបង្កឱ្យមានភាពចលាចលនៅក្នុងទីផ្សារហិរញ្ញវត្ថុពិភពលោក ដោយជំរុញឱ្យសហរដ្ឋអាមេរិកបង្កើនតម្លាភាព អនុម័តគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចប្រកបដោយការទទួលខុសត្រូវ និងជៀសវាងផលប៉ះពាល់អវិជ្ជមានធ្ងន់ធ្ងរ ដែលបណ្តាលមកពីការកែសម្រួលគោលនយោបាយរ៉ាឌីកាល់។
អ្នកនាំពាក្យ Wang Wenbin បានធ្វើការកត់សម្គាល់នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃមួយ ដើម្បីឆ្លើយតបទៅនឹងសំណួរអំពីការដួលរលំ របស់ធនាគារ Silicon Valley ដោយបន្ថែមថា ប្រទេសចិន កំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះការអភិវឌ្ឍន៍ដែលពាក់ព័ន្ធ។
លោក Wang បានកត់សម្គាល់ថា នៅក្នុងពិភពលោកនាពេលបច្ចុប្បន្ននេះ ប្រព័ន្ធហិរញ្ញវត្ថុពិភពលោកមានទំនាក់ទំនងគ្នាយ៉ាងខ្លាំង ដោយលោក បានកត់សម្គាល់ថា បញ្ហារបស់ធនាគារអាមេរិក មិនមានផ្តាច់មុខ សម្រាប់តែសហរដ្ឋអាមេរិកម្នាក់ឯងនោះទេ ហើយវិបត្តិធនាគារ SVB បានបង្កឱ្យមានភាពចលាចលនៅក្នុងទីផ្សារហិរញ្ញវត្ថុពិភពលោក។
លោក បានលើកឡើងថា ប្រទេសចិនសង្ឃឹមថា ភាគីអាមេរិកនឹងបង្កើនតម្លាភាព ពង្រឹងទំនាក់ទំនងជាមួយសហគមន៍អន្តរជាតិ និងធ្វើឱ្យច្បាស់នូវបញ្ហាជាបន្តបន្ទាប់នៃការព្រួយបារម្ភទូទៅចំពោះសហគមន៍អន្តរជាតិ ដូចជាហានិភ័យធំប៉ុណ្ណា របៀបដោះស្រាយជាមួយពួកគេនាពេលអនាគត និងរបៀបកាត់បន្ថយផលប៉ះពាល់នៃការលេចធ្លាយ។ លោកបន្តថា នេះជាការទទួលខុសត្រូវរបស់ភាគីអាមេរិក និងការរំពឹងទុករបស់សហគមន៍អន្តរជាតិ។
លោកបានកត់សម្គាល់ថា ប្រាក់ដុល្លារអាមេរិក គឺជារូបិយប័ណ្ណអន្តរជាតិ ហើយគោលនយោបាយរូបិយវត្ថុរបស់សហរដ្ឋអាមេរិក មិនគួរគ្រាន់តែបោះយុថ្កាលើបទប្បញ្ញត្តិ និងគោលដៅគ្រប់គ្រងសេដ្ឋកិច្ចក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងវាយតម្លៃដោយប្រុងប្រយ័ត្ននូវផលប៉ះពាល់អវិជ្ជមានរបស់វាផងដែរ។
អ្នកនាំពាក្យរូបនេះបានបន្ថែមថា “យើងជំរុញឱ្យភាគីសហរដ្ឋអាមេរិក ប្រកាន់យកគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចប្រកបដោយការទទួលខុសត្រូវ ធ្វើឱ្យមានស្ថិរភាពការរំពឹងទុកទីផ្សារ និងភាពជឿជាក់របស់វិនិយោគិន ជៀសវាងផលប៉ះពាល់អវិជ្ជមានធ្ងន់ធ្ងរ ដែលបណ្តាលមកពីការកែសម្រួល គោលនយោបាយរ៉ាឌីកាល់ និងការធ្វើឡើងវិញនូវកំហុស នៃវិបត្តិហិរញ្ញវត្ថុ ឆ្នាំ២០០៨”៕
ប្រែសម្រួល ឈូក បូរ៉ា