ព្រុចសែល៖ អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បានព្រមានថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន មិនមែនកំពុងរៀបចំផែនការ សម្រាប់សន្តិភាពនោះទេ ប៉ុន្តែសម្រាប់សង្រ្គាមបន្ថែមទៀត នៅអ៊ុយក្រែន។
លោក Stoltenberg បានធ្វើសេចក្តីថ្លែងការណ៍នេះនៅក្នុងបទសម្ភាសន៍មួយ ដែលបានចេញផ្សាយកាល ពីថ្ងៃពុធនៅ ក្នុងកាសែត The Guardian ជាកន្លែងដែលលោកបានពិភាក្សាអំពីជំនឿរបស់លោក ដែលថាលោក ពូទីន ត្រូវបានជាប់គាំងនៅក្នុង “សង្រ្គាមនៃការបំផ្លាញ” ។
ពេញមួយដំណាក់កាលនៃសង្រ្គាម អង្គការណាតូ បានជំរុញឱ្យប្រទេសជាសមាជិកបន្តផ្តល់ជំនួយដល់អ៊ុយក្រែន នូវការផ្គត់ផ្គង់ដែលត្រូវការ។ ថ្មីៗនេះ លោក Stoltenberg បានលើកឡើងថា បណ្តាប្រទេសណាតូ មិនគួរព្រួយ បារម្ភអំពីតម្រូវ ការរបស់សម្ព័ន្ធមិត្តលើការស្តុកគ្រាប់រំសេវនោះទេ ហើយផ្ទុយទៅវិញផ្តោតលើការផ្តល់ ជំនួយដល់កងកម្លាំងរបស់ ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី។
កាលពីដើមសប្តាហ៍នេះ អ៊ុយក្រែន បានទទួលការជំរុញមួយ នៅពេលដែលសហភាពអឺរ៉ុបបានប្រកាសថា ខ្លួននឹងផ្តល់ គ្រាប់កាំភ្លើងធំចំនួន ១ លានគ្រាប់ដល់ប្រទេសនេះ ក្នុងរយៈពេល ១២ខែខាងមុខ។ ទោះបីជាយ៉ាងណាក៏ដោយ លោក Stoltenberg បានប្រាប់កាសែត The Guardian ថា លោកសង្ឃឹមថា ណាតូ នឹងបន្តផ្តល់ការផ្គត់ផ្គង់ដល់អ៊ុយក្រែន បន្ថែមទៀត ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីរារាំងផែនការយោធារបស់លោក ពូទីន។
លោកបានបន្តថា “តម្រូវការនឹងបន្តនៅទីនោះព្រោះនេះជាសង្គ្រាមនៃការបំផ្លាញ។ “ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន មិនមានផែនការសម្រាប់សន្តិភាពនោះទេ លោកកំពុងរៀបចំផែនការ សម្រាប់សង្គ្រាមបន្ថែមទៀត” ។
លោក Stoltenberg បានបន្ថែមថា ដើម្បីរក្សាការវាយប្រហាររបស់កងកម្លាំងរបស់លោកលើអ៊ុយក្រែន លោកពូទីន បានបញ្ជាឱ្យរុស្ស៊ីបង្កើនផលិតកម្មឧស្សាហកម្មយោធា ខណៈពេលដែល “ឈានដល់របបផ្តាច់ការដូចជាអ៊ីរ៉ង់ ឬកូរ៉េខាងជើង និងប្រទេសដទៃទៀត ដើម្បីព្យាយាមទទួលបានអាវុធបន្ថែមទៀត” ៕
ប្រែសម្រួល ឈូក បូរ៉ា