បរទេស ៖ រដ្ឋ Utah សហរដ្ឋអាមេរិក បានក្លាយទៅជារដ្ឋដំបូងគេ នៅសហរដ្ឋអាមេរិក ដែលបានប្រកាសឲ្យមានការប្រើប្រាស់ នូវគោលការណ៍ច្បាប់ សុំការអនុញ្ញាតិ ជាមុនពីសំណាក់ឪពុកម្តាយជា កាតព្វកិច្ចអាចឲ្យកូនៗ ដែលមិនទាន់គ្រប់អាយុ របស់ពួកគេអាចប្រើប្រាស់ បណ្តាញសង្គមបាន។
លោកអភិបាលរដ្ឋ Spencer Cox បានចុះហត្ថលេខាទៅលើអនុក្រិតចំនួន២ កាលពីថ្ងៃព្រហស្បតិ៍នេះ បើយោងតាមការចេញផ្សាយរបស់ RT ដោយក្នុងនោះបានបញ្ជាក់ច្បាស់ទៅលើការកំណត់ច្បាប់ នៃការប្រើប្រាស់បណ្តាញសង្គម ចំពោះអនិតិជន ដែលមិនទាន់គ្រប់វ័យ១៨ឆ្នាំដែលមានដូចជា Facebook, Instagram និង TikTokជាដើមផង ។
ច្បាប់ថ្មីដែលទាមទារ ឲ្យក្រុមហ៊ុនបណ្តាញសង្គមនានា ក្នុងការបន្ថែមមុខងារ សុំការអនុញ្ញាតិពីសំណាក់ឪពុកម្តាយ ជាមុនចំពោះកូនៗ ដែលមានអាយុមិនទាន់ដល់១៨ឆ្នាំ ក្នុងការបង្កើតគណនេយ្យ របស់គេបាននៅលើបណ្តាញសង្គមទាំងនេះ។
ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គម ទាំងនោះក៏នឹងត្រូវបានហាមប្រាម ពីការផ្សាយពាណិជ្ជកម្មដល់អនីតិជន និងហាមប្រាមពីការប្រើប្រាស់ បច្ចេកទេសដែលអាចបណ្តាលឱ្យពួកគេបង្កើត ការញៀន លើវេទិការបស់ពួកគេផងដែរ៕
ប្រែសម្រួល៖ស៊ុនលី