ព័ត៌មានអន្តរជាតិ

ណូវែលសេឡង់ លើកឡើងពីក្តីបារម្ភអំពីបញ្ហា សមុទ្រចិនខាងត្បូង និងភាពតានតឹងនៅច្រក សមុទ្រកោះតៃវ៉ាន់

ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ថា នៅថ្ងៃសៅរ៍នេះ លោកស្រី Nanaia Mahuta រដ្ឋមន្ត្រីការបរទេសណូវែលសេឡង់ បានលើកឡើងថា លោកស្រីបានសម្តែង ការព្រួយបារម្ភអំពី សមុទ្រចិនខាងត្បូង និងភាពតានតឹង នៅច្រកសមុទ្រកោះតៃវ៉ាន់ នៅក្នុងអំឡុងពេលពិភាក្សា ជាមួយសមភាគីចិន នៅពេលបញ្ចប់ ដំណើរទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំង ។

លោកស្រី Mahuta ក៏បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោកស្រី “បានកត់សម្គាល់ពីការព្រួយបារម្ភយ៉ាងខ្លាំងរបស់ប្រទេសណូវែលសេឡង់ ទាក់ទងនឹងស្ថានភាពសិទ្ធិមនុស្ស នៅស៊ីនជាំង និងការលុបបំបាត់សិទ្ធិ និងសេរីភាពនៅក្នុងទីក្រុងហុងកុង” ដែលបានថ្លែងយ៉ាងងដូច្នេះ នៅក្នុងអំឡុងពេលជួបជាមួយរដ្ឋមន្ត្រីការបរទេសចិន Qin Gang ។

សេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីការបរទេសចិន បានឲ្យដឹងថា “លោកស្រី Nanaia Mahuta បានសម្តែងការព្រួយបារម្ភ ចំពោះការអភិវឌ្ឍន៍នៅក្នុង សមុទ្រចិនខាងត្បូង និងការកើនឡើងនៃភាពតានតឹងនៅក្នុងច្រក សមុទ្រកោះតៃវ៉ាន់” ។

លោកស្រី Mahuta បានថ្លែងថា លោកស្រីបានរំលឹកឡើងវិញនូវការថ្កោលទោស របស់ប្រទេសណូវែលសេឡង់ ចំពោះការលុកលុយរបស់រុស្ស៊ី មកកាន់អ៊ុយក្រែន ។ ប្រទេសចិន ជាសម្ព័ន្ធមិត្តសំខាន់របស់រុស្ស៊ី ហើយប្រទេសទាំង២បានរិះគន់អាមេរិក និងអង្គការ NATO ថា បានបំផ្លាញស្ថិរភាពពិភពលោក ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top