បរទេស៖ អ្នកឆ្លើយឆ្លងព័ត៌មាន AFP បាននិយាយថា នៅថ្ងៃសៅរ៍ កងកម្លាំងសន្តិសុខបារាំង បានប៉ះទង្គិចជាថ្មីម្តងទៀតជាមួយនឹងក្រុមបាតុករ ខណៈដែលអ្នកធ្វើយុទ្ធនាការ ស្វែងរកការបញ្ឈប់ការសាងសង់អាងស្តុកទឹក សម្រាប់ឧស្សាហកម្មកសិកម្មនៅភាគនិរតីនៃប្រទេស។
យោងតាមសារព័ត៌មាន FRANCE24 ចេញផ្សាយនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា រូបភាពហិង្សានៅ Saite-Soline ភាគខាងលិចប្រទេសបារាំង បានកើតឡើងបន្ទាប់ពីការតវ៉ាដ៏ហិង្សា ទូទាំងប្រទេសជាច្រើន ថ្ងៃជុំវិញកំណែទម្រង់ប្រាក់សោធននិវត្តន៍ របស់ប្រធានាធិបតី Emmanuel Macron ដែលបានជំរុញឱ្យមានការលុបចោលដំណើរទស្សនកិច្ចរបស់ស្តេច Charles III នៃចក្រភពអង់គ្លេស។
ក្បួនដង្ហែដ៏វែងមួយបានប្រារព្ធឡើង នៅព្រឹកព្រលឹម ដែលមានមនុស្សយ៉ាងតិច ៦.០០០ នាក់ បើយោងតាមអាជ្ញាធរមូលដ្ឋាន និងប្រហែល ២៥.០០០ នាក់ បើតាមអ្នករៀបចំ។
ក្រុមមន្ត្រីបាននិយាយថា សមាជិកកងកម្លាំងសន្តិសុខជាង ៣ ០០០នាក់ ត្រូវបានដាក់ពង្រាយ ដោយមាន “យ៉ាងហោចណាស់ ១ ០០០នាក់” សកម្មជនដែលមានអំពើហិង្សា រួមទាំងមួយចំនួន មកពីប្រទេសអ៊ីតាលីបច្ចុប្បន្ន។
អ្នកឆ្លើយឆ្លងព័ត៌មាន AFP បាននិយាយថា នៅជុំវិញការដ្ឋានសំណង់ដែលត្រូវបានការពារដោយប៉ូលីស ការប៉ះទង្គិចគ្នាដោយហិង្សា បានផ្ទុះឡើងយ៉ាងឆាប់រហ័ស រវាងកងកម្លាំងសន្តិសុខ និងក្រុមសកម្មប្រយុទ្ធ៕ ប្រែសម្រួលៈ ណៃ តុលា