សេអ៊ូល៖ យោធាកូរ៉េខាងត្បូងបានឲ្យដឹងថា កូរ៉េខាងជើង បានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីចំនួនពីរគ្រាប់ ចេញពីឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួន នៅព្រឹកថ្ងៃចន្ទនេះ ជាការឆ្លើយតបជាក់ស្តែង ចំពោះសមយុទ្ធយោធារួមគ្នា ដែលកំពុងបន្តដែលពាក់ព័ន្ធនឹងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក។
អគ្គសេនាធិការចម្រុះរបស់ កូរ៉េខាងត្បូងបានឲ្យដឹងថា កាំជ្រួចពីរគ្រាប់ត្រូវបានបាញ់ចេញពីតំបន់ខេត្ត Hwanghae ភាគខាងជើង ដោយគ្រាប់ទីមួយត្រូវបានគេ រកឃើញនៅម៉ោងប្រហែល ៧:៤៧ព្រឹក និងលើកទីពីរនៅម៉ោងប្រហែល ៨ព្រឹក ដោយគ្រាប់នោះបានហោះ បានចម្ងាយប្រហែល ៣៧០ គីឡូម៉ែត្រ។
ប្រទេសកូរ៉េខាងជើង បានតវ៉ាយ៉ាងខ្លាំងប្រឆាំងនឹង សមយុទ្ធយោធារួមគ្នានាពេលថ្មីៗនេះ ដែលធ្វើឡើងដោយកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក រួមទាំងសមយុទ្ធ Freedom Shield រយៈពេល ១១ថ្ងៃ រហូតដល់ថ្ងៃព្រហស្បតិ៍សប្តាហ៍មុន។ វាជាសមយុទ្ធយោធានិទាឃរដូវ ទ្រង់ទ្រាយធំលើកដំបូងក្នុងរយៈពេល ៥ឆ្នាំ។
សមយុទ្ធចុះចតក្នុងទឹកសមុទ្រ រវាងយោធាសម្ព័ន្ធមិត្តដែលហៅថាសមយុទ្ធ Ssangyong កំពុងដំណើរការ ហើយនឹងដំណើរការរហូតដល់ថ្ងៃទី០៣ ខែមេសា នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។
រដ្ឋាភិបាលជប៉ុនបានឲ្យដឹងថា កាំជ្រួចត្រូវបានគេជឿថា បានធ្លាក់ក្នុងសមុទ្រខាងក្រៅតំបន់ សេដ្ឋកិច្ចផ្តាច់មុខរបស់ខ្លួន។ បើតាមរដ្ឋាភិបាលមិនមាន របាយការណ៍ខូចខាតយន្តហោះ ឬកប៉ាល់នោះទេ។
កូរ៉េខាងជើងបានឲ្យដឹងកាលពីថ្ងៃសុក្រថា ខ្លួនបានបាញ់សាកល្បងកាំជ្រួចនាំផ្លូវ ចំនួន ៤ គ្រាប់នៃប្រភេទពីរផ្សេងគ្នាកាលពីពីរថ្ងៃមុន ដោយមេដឹកនាំលោក គីម ជុងអ៊ុន បានព្រមានក្រុងសេអ៊ូល និងក្រុងវ៉ាស៊ីនតោនថា ពួកគេគួរតែបញ្ឈប់សមយុទ្ធសង្គ្រាមប្រឆាំង កូរ៉េខាងជើងដោយឥតប្រុងប្រយ័ត្ន ៕
ប្រែសម្រួល ឈូក បូរ៉ា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
