ព័ត៌មានអន្តរជាតិ

Update: ប្រជាជនអ៊ីស្រាអែលរាប់សែននាក់ នាំគ្នាចេញតវ៉ាទូទាំងប្រទេស តវ៉ាប្រឆាំងនឹងការរុះរើ ប្រព័ន្ធតុលាការ ដ៏ចម្រូងចម្រាស

" "

បរទេស៖ ប្រជាជនអ៊ីស្រាអែល រាប់សែននាក់បានដើរ តាមផ្លូវទូទាំងប្រទេសកាលពីថ្ងៃសៅរ៍ ដើម្បីតវ៉ាប្រឆាំងនឹងការជំរុញ ដ៏ចម្រូងចម្រាសរបស់រដ្ឋាភិបាល ក្នុងការរុះរើប្រព័ន្ធតុលាការ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា អ្នករៀបចំបាតុកម្មដ៏ធំ ដែលបានកើតឡើងនៅក្នុងទីក្រុងនានា រួមមានទីក្រុង Jerusalem, Haifa, Beersheba និង Tel Aviv បានប្រកាសកាលពីថ្ងៃសុក្រថាជា “មួយសប្តាហ៍នៃដំណើរការគាំង” ដើម្បីប្រឆាំងនឹងអ្វីដែលពួកគេហៅថា “ការប៉ុនប៉ងដើម្បីប្រែក្លាយអ៊ីស្រាអែលទៅជារបបផ្តាច់ការ” ។

" "

យោងតាមតួលេខដែលផ្តល់ដោយអ្នករៀបចំ មានមនុស្សសរុបចំនួន ៦៣០ ០០០ នាក់បានចូលរួមក្នុងការប្រមូលផ្តុំនេះ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថា នៅក្នុងទីក្រុង Tel Aviv តែឯង ដែលជាកន្លែងសំខាន់សម្រាប់សកម្មជន បាតុករប្រហែល ២០០ ០០០ នាក់បានប្រមូលផ្តុំគ្នា។

" "

ការតវ៉ានេះក៏ត្រូវបានកត់សម្គាល់ដោយការប្រឈមមុខដាក់គ្នាជាមួយប៉ូលីស ដែលបានប្រើកាណុងបាញ់ទឹកដើម្បីបំបែកហ្វូងមនុស្សដែលបិទផ្លូវ Ayalon Highway ក្នុងទីក្រុង Tel Aviv ហើយបានឃាត់ខ្លួនមនុស្ស ២៨ នាក់។ ក្រុមមេធាវីដែលផ្តល់ជំនួយផ្នែកច្បាប់ដល់បាតុករបានអះអាងថា សកម្មជនសរុបចំនួន ៤៤ នាក់ត្រូវបានចាប់ខ្លួន។

ចំពេលមានការតវ៉ាទ្រង់ទ្រាយធំ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Yoav Gallant ធ្លាប់បានព្រមានថា បញ្ហាកំណែទម្រង់ប្រព័ន្ធតុលាការកាន់តែមានភាពបែកបាក់គ្នា។ «ការបំបែកកាន់តែស៊ីជម្រៅគឺកំពុងមើលទៅក្នុងស្ថាប័នយោធានិងការពារជាតិ។ នេះជាគ្រោះថ្នាក់ច្បាស់លាស់ ភ្លាមៗ និងពិតប្រាកដចំពោះសន្តិសុខរបស់អ៊ីស្រាអែល» លោកបានថ្លែងដោយជំរុញឲ្យរដ្ឋាភិបាលជួបពិភាក្សាជាមួយក្រុមប្រឆាំង៕

ប្រែសម្រួលៈ ណៃ តុលា

To Top