ព្រុចសែល៖ អង្គការណាតូ បានរិះគន់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ចំពោះអ្វីដែលខ្លួនហៅថា វោហាសាស្ត្រនុយក្លេអ៊ែរ “គ្រោះថ្នាក់ និងគ្មានការទទួលខុសត្រូវ” បន្ទាប់ពីប្រធានាធិបតីរុស្ស៊ីរូបនេះ បានប្រកាសថា ប្រទេសរបស់លោក នឹងដាក់ទីតាំងអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រនៅក្នុងប្រទេសបេឡារុស្ស។
លោក ពូទីន បានឲ្យដឹងថ្មីៗនេះថា ការដាក់ពង្រាយនេះ គឺស្រដៀងគ្នាទៅនឹងការផ្លាស់ប្តូរពីសហរដ្ឋអាមេរិក ដែលរក្សាទុកអាវុធបែបនេះនៅក្នុងមូលដ្ឋាននៅទូទាំងប្រទេសបែលហ្ស៊ិក អាល្លឺម៉ង់ អ៊ីតាលី ហូឡង់ និងតួកគី ដែលជាសម្ព័ន្ធមិត្តលោកខាងលិចហៅថាជាការ “បំភាន់” ។
ណាតូក៏បានចូលរួមក្នុងការរិះគន់នេះផងដែរ ដោយអ្នកនាំពាក្យលោកស្រី Oana Lungescu បានឲ្យដឹងយថា “ការលើកឡើងរបស់រុស្ស៊ីចំពោះការចែករំលែកនុយក្លេអ៊ែររបស់អង្គការណាតូគឺជាការយល់ច្រឡំទាំងស្រុង។ សម្ព័ន្ធមិត្តណាតូ ធ្វើសកម្មភាពដោយគោរពទាំងស្រុងចំពោះការប្តេជ្ញាចិត្តអន្តរជាតិរបស់ពួកគេ”។
លោកស្រី Lungescu ក៏បានរិះគន់ការប្រកាសរបស់រុស្ស៊ីថាជា “គ្រោះថ្នាក់ និងគ្មានការទទួលខុសត្រូវ”។ ទោះបីជាយ៉ាងណាក៏ដោយ លោកស្រីបានលើកឡើងថា សម្ព័ន្ធមិត្តលោកខាងលិចមិនទាន់បាន “ឃើញការផ្លាស់ប្តូរណាមួយនៅក្នុងឥរិយាបថនុយក្លេអ៊ែររបស់រុស្ស៊ី ដែលនឹងនាំឱ្យយើងកែសម្រួលរបស់យើង”។
គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍ លោក ពូទីន បានប្រកាសថា រុស្ស៊ី នឹងដាក់ពង្រាយអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រនៅក្នុងប្រទេសជិតខាង និងសម្ព័ន្ធមិត្តបេឡារុស “ដោយមិនបំពានលើកិច្ចព្រមព្រៀងអន្តរជាតិរបស់យើងស្តីពីការមិនរីកសាយភាយនុយក្លេអ៊ែរ”៕
ប្រែសម្រួល ឈូក បូរ៉ា