ព័ត៌មានអន្តរជាតិ

លោក ហ្សេឡិនស្គី អំពាវនាវឱ្យអឺរ៉ុប ផ្តល់យន្តហោះចម្បាំង មីស៊ីលទំនើបបន្ថែម ឬចាំមើលសង្រ្គាម ដែលអូសបន្លាយរាប់ឆ្នាំ

គៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី បានប្រាប់មេដឹកនាំអឺរ៉ុប ឱ្យបង្កើនការផ្គត់ផ្គង់អាវុធ ទំនើបយ៉ាងឆាប់រហ័សដល់កង កម្លាំងរបស់លោក ជាពិសេសយន្តហោះចម្បាំង និងប្រព័ន្ធមីស៊ីលរយៈចម្ងាយឆ្ងាយ បើមិនដូច្នេះទេ ពួកគេគួរតែរៀបចំ សម្រាប់សង្រ្គាម ដែលអូសបន្លាយជាច្រើនឆ្នាំ។

ថ្លែងនៅលើរថភ្លើងទៅកាន់ទីក្រុងគៀវ បន្ទាប់ពីដំណើរ ទស្សនកិច្ចលើកទី៣ របស់លោក ក្នុងរយៈពេលពីរថ្ងៃទៅកាន់តំបន់ ដែលរងការបំផ្លិចបំផ្លាញ ដោយសង្រ្គាម នៅជិតខ្សែបន្ទាត់ជួរមុខនៅភាគខាងត្បូង និងភាគខាងកើត នៃប្រទេសអ៊ុយក្រែន លោក ហ្សេឡិនស្គី បានផ្តល់ដំណើររឿង ដ៏រំជួលចិត្តអំពីអ្វីដែលលោក បានឃើញនៅពេលលោក បានថ្លែងទៅកាន់កិច្ចប្រជុំកំពូល នៃមេដឹកនាំសហភាពអឺរ៉ុប។

នៅក្នុងសុន្ទរកថាដ៏វែង និងចាក់ដោតរបស់លោក ហ្សេឡិនស្គី កាលពីថ្ងៃព្រហស្បតិ៍បានឲ្យដឹងថា វាអាស្រ័យលើសហភាពអឺរ៉ុប ជាប្លុកមួយដើម្បីចាត់វិធានការ ដើម្បីទប់ស្កាត់រុស្ស៊ី ខណៈដែលការលុកលុយរបស់អ៊ុយក្រែន ចូលដល់ឆ្នាំទីពីរ។

ខណៈពេលដែលលោកបានស្វាគមន៍ចំពោះផែនការថ្មីរបស់សហភាពអឺរ៉ុបក្នុងការបញ្ជូនកាំភ្លើងធំចំនួន 1 លានគ្រាប់ទៅកាន់ទីក្រុងគៀវ លោកបានរក្សាការទាមទារ របស់លោក សម្រាប់យន្តហោះចម្បាំង និងមីស៊ីល ដែលលោកជឿជាក់ថា នឹងមានប្រសិទ្ធភាពជាងក្នុង ការរុញច្រានកងកម្លាំងរុស្ស៊ីមកវិញ។

ការអត្ថាធិប្បាយ របស់លោក ហ្សេឡិនស្គី តំណាងឱ្យការបង្ហាញបើកចំហ មិនធម្មតានៃការខកចិត្តជាមួយបណ្តាប្រទេសអឺរ៉ុប ដែលបានបរិច្ចាគដល់ កិច្ចខិតខំប្រឹងប្រែង សង្គ្រាមរបស់អ៊ុយក្រែន។ លោកក៏បានត្អូញត្អែរថា អឺរ៉ុប ហាក់ដូចជាមិនប្រញាប់ប្រញាល់ ដាក់ទណ្ឌកម្មបន្ថែមទៀត ប្រឆាំងនឹងទីក្រុងម៉ូស្គូនោះទេ។

លោក ហ្សេឡិនស្គី បានប្រាប់ទៅកាន់បណ្ដាមេដឹកនាំសហភាពអឺរ៉ុបថា “ប្រសិនបើអឺរ៉ុបរង់ចាំ អំពើអាក្រក់អាចមានពេលវេលា ដើម្បីប្រមូលផ្តុំ និងរៀបចំសម្រាប់សង្គ្រាមជាច្រើនឆ្នាំ។ វាស្ថិតនៅក្នុងអំណាចរបស់អ្នកក្នុងការទប់ស្កាត់រឿងនេះ” ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top