ព័ត៌មានអន្តរជាតិ

អាល្លឺម៉ង់ សន្យាផ្តល់ប្រាក់ ២៧ លានដុល្លារ ក្នុងគំនិតផ្តួចផ្តើមកសាងអ៊ុយក្រែនឡើងវិញ ក្នុងពេលអឺរ៉ុបថា ការខូចខាតមានប្រហែល ៦០០ ពាន់លានអឺរ៉ូ

បរទេស៖ រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍អាល្លឺម៉ង់ លោកស្រី Svenja Schulze បានចាប់ផ្តើមគំនិតផ្តួចផ្តើមមួយកាលពីថ្ងៃចន្ទ ដើម្បីកសាងអ៊ុយក្រែនឡើងវិញ ទោះបីជាជម្លោះនៅតែបន្តនៅក្នុងប្រទេសអឺរ៉ុបខាងកើតក៏ដោយ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោកស្រី Svenja Schulze ថា “ការកសាងឡើងវិញរបស់អ៊ុយក្រែនចាប់ផ្តើមឥឡូវនេះ … រដ្ឋាភិបាលតែម្នាក់ឯងនឹងមិនអាចបំពេញភារកិច្ចដ៏ធំបែបនេះបានទេ ដូច្នេះ សង្គមទាំងមូលគឺចាំបាច់។

លោកស្រី Schulze បន្ថែមថា វេទិកាកសាងឡើងវិញអ៊ុយក្រែននឹងប្រមូលផ្តុំសហគមន៍ ក្រុមហ៊ុន និងបុគ្គលនៅក្នុងប្រទេសអាល្លឺម៉ង់ និងអ៊ុយក្រែន។ ប្រទេសអាល្លឺម៉ង់នឹងចំណាយ ២៥ លានអឺរ៉ូ (២៧ លានដុល្លារ) លើការពង្រឹងភាពជាដៃគូឆ្លងព្រំដែន។

កាលពីរដូវស្លឹកឈើជ្រុះកន្លងទៅ រដ្ឋាភិបាលទីក្រុងគៀវបានប៉ាន់ប្រមាណការកសាងប្រទេសឡើងវិញក្រោយជម្លោះមានចំនួនប្រហែល ៧៥០ ពាន់លានដុល្លារ ខណៈដែលគណៈកម្មការអឺរ៉ុបបានប៉ាន់ប្រមាណការខូចខាតដែលបណ្តាលមកពីប្រតិបត្តិការយោធារបស់រុស្ស៊ីមានចំនួន ៦០០ ពាន់លានអឺរ៉ូ៕ប្រែសម្រួលៈ ណៃ តុលា

To Top