ព័ត៌មានអន្តរជាតិ

ទីក្រុងមូស្គូ ចោទទីក្រុងវ៉ាស៊ីនតោន ពីបទលាក់ពុត រឿងដាក់នុយក្លេអ៊ែរ នៅប្រទេសផ្សេងបាន

បរទេស៖ លោក Anatoly Antonov ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅ សហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃច័ន្ទថា ការរិះគន់ និងការលាក់ពុតរបស់ទីក្រុងវ៉ាស៊ីនតោន ដែលចោទទីក្រុងម៉ូស្គូលើផែនការ ក្នុងការដាក់អាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រ នៅក្នុងប្រទេសបេឡារុស្ស ខណៈដែលអាមេរិកខ្លួនឯងក៏រក្សា អាវុធនុយក្លេអ៊ែររបស់ខ្លួន នៅក្នុងប្រទេសផ្សេងទៀតផងដែរ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Antonov ត្រូវបានស្នើសុំឱ្យធ្វើអត្ថាធិប្បាយ លើការកត់សម្គាល់ដែលធ្វើឡើង ដោយតំណាងក្រសួងការបរទេសសហរដ្ឋអាមេរិក Vedant Patel ដែលបានរិះគន់នូវអ្វីដែលលោកហៅថា “វោហាសាស្ត្រនុយក្លេអ៊ែរមិនទទួលខុសត្រូវ” របស់រុស្ស៊ី ដោយលើកឡើងថា “គ្មានប្រទេសណាដែលបង្កការខូចខាត ដល់ការគ្រប់គ្រងអាវុធបែបនេះទេ ហើយក៏មិនស្វែងរកធ្វើឱ្យខូចដល់ ស្ថិរភាពជាយុទ្ធសាស្ត្រនៅអឺរ៉ុបនោះដែរ។

ចំណែកនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើ Telegram ឯកអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំនៅសហរដ្ឋអាមេរិករូបនេះ បាននិយាយថា “មន្រ្តីសហរដ្ឋអាមេរិកមានការចងចាំអន់ខ្លាំងណាស់” ។

លោកថា“វាគឺជាទីក្រុងវ៉ាស៊ីនតោនទៅវិញនោះទេ ដែលបាននិងកំពុងបំផ្លាញប្រព័ន្ធច្បាប់ ជាប្រព័ន្ធនៃទំនាក់ទំនងទ្វេភាគីក្នុងវិស័យយុទ្ធសាស្ត្រ ដោយព្យាយាមស្វែងរកស្នាម ប្រឡាក់ក្នុងភ្នែកអ្នកផ្សេង ពួកគេបានមើលមិនឃើញឈើ ក្នុងភ្នែករបស់ពួកគេជាយូរមកហើយ»។

លោក Anatoly Antonov បន្ថែមថា ការឆ្លើយតបរបស់សហរដ្ឋអាមេរិក ចំពោះផែនការរបស់រុស្ស៊ីក្នុងការដាក់ នុយក្លេអ៊ែរនៅក្នុងប្រទេសបេឡារុស្ស “គឺជាឧទាហរណ៍ដ៏រស់រវើកនៃ ការលាក់ពុតនៃនយោបាយអាមេរិក” ។ ឯកអគ្គរដ្ឋទូតបាននិយាយថា សម្រាប់រយៈពេល ៦០ឆ្នាំចុងក្រោយនេះ ទីក្រុងវ៉ាស៊ីនតោនបានដាក់អាវុធនុយក្លេអ៊ែរ យុទ្ធសាស្ត្ររបស់ខ្លួននៅក្នុងរដ្ឋគ្មានអាវុធនុយក្លេអ៊ែរចំនួន ៥ រួមមានបែលហ្ស៊ិក អាល្លឺម៉ង់ អ៊ីតាលី ហូឡង់ និងប្រទេសតួកគី ៕

ប្រែសម្រួលៈ ណៃ តុលា

To Top