តួក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា បានឲ្យដឹងថា នីតិរដ្ឋគឺជាអប្បបរមាដាច់ខាត ដែលសហគមន៍អន្តរជាតិត្រូវការ ដើម្បីរក្សាសន្តិភាពយូរអង្វែង ខណៈដែលលោកបានចូលរួម ក្នុងកិច្ចប្រជុំកំពូលនិម្មិត ស្តីពីលទ្ធិប្រជាធិបតេយ្យដែល ដឹកនាំដោយសហរដ្ឋអាមេរិក ដោយរំលឹកឡើងវិញពីដំណើរ ទស្សនកិច្ចនាពេលថ្មីៗនេះ របស់លោកទៅកាន់អ៊ុយក្រែន។
នៅថ្ងៃបើកព្រឹត្តិការណ៍រយៈពេលពីរថ្ងៃ ដែលមានការចូលរួមពីប្រទេសប្រហែល ១២០ ក្រុមសង្គមស៊ីវិល និងក្រុមហ៊ុនបច្ចេកវិទ្យា លោក គីស៊ីដា បានប្តេជ្ញាថា នឹងដើរតួនាទីនាំមុខក្នុងការពង្រឹង លទ្ធិប្រជាធិបតេយ្យក្នុងនាមជាប្រធាន នៃកិច្ចប្រជុំកំពូលនៃក្រុមប្រទេសទាំង៧ នៅឆ្នាំនេះ និងជាសមាជិកមិនអចិន្ត្រៃយ៍នៃ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ។
លោក គីស៊ីដា បានលើកឡើងថា “ខ្ញុំបានឃើញដោយផ្ទាល់ភ្នែកនូវ ភស្តុតាងនៃការឈ្លានពានរបស់រុស្ស៊ី ហើយបានឮដោយផ្ទាល់ពី អ្នកដែលបានជួបប្រទះនូវអំពើឃោរឃៅ ខ្ញុំបានបន្តការផ្ដន្ទាទោសថា យើងជាមនុស្សជាតិត្រូវតែចាត់ទុកនីតិរដ្ឋ ជាបទដ្ឋានដែលសង្គមរបស់យើងគួរធ្វើតាម”។
កិច្ចប្រជុំកំពូល ដើម្បីលទ្ធិប្រជាធិបតេយ្យ ដែលរៀបចំឡើងដោយរដ្ឋបាលរបស់ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន ជាលើកទីពីរ កើតឡើងនៅពេល ដែលការប្រកួតប្រជែងកាន់តែខ្លាំង រវាងសហរដ្ឋអាមេរិក និងអ្វីដែលខ្លួនពិពណ៌នាថា ជាប្រទេសស្វ័យភាព ដូចជាប្រទេសចិន និងរុស្ស៊ី។
ក្នុងនាមការពារលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សប្រឆាំងនឹងរបបផ្តាច់ការ លោក Biden បានកោះប្រជុំកំពូលបែបនេះ ជាលើកដំបូងនៅក្នុងខែធ្នូ ឆ្នាំ២០២១ ដែលជាមុនពេលការឈ្លានពានរបស់រុស្ស៊ី លើអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។
លោក បៃដិន បាននិយាយក្នុងសុន្ទរកថា បើកដ៏ខ្លីរបស់លោកថា “យើងកំពុងចាត់ឲ្យរុស្ស៊ីទទួលខុសត្រូវ ចំពោះសង្រ្គាមអយុត្តិធម៌ និងមិនបង្កហេតុរបស់ខ្លួនប្រឆាំងនឹងអ៊ុយក្រែន ដែលបង្ហាញថា លទ្ធិប្រជាធិបតេយ្យមានភាពរឹងមាំ និងត្រូវបានដោះស្រាយ” ៕
ប្រែសម្រួល ឈូក បូរ៉ា