ប៉េកាំង៖ អ្នកនាំពាក្យដីគោក បានជំរុញឱ្យភាគីតៃវ៉ាន់ ចាត់វិធានការជាក់ស្តែង ដើម្បីអនុវត្តផែនការរបស់ខ្លួន ក្នុងការបន្តការហោះហើរត្រង់ ទៅកាន់គោលដៅមួយចំនួន របស់ដីគោកឱ្យបានឆាប់ តាមដែលអាចធ្វើទៅបាន។
ជនរួមជាតិ និងអ្នកជំនួញតៃវ៉ាន់ កំពុងទន្ទឹងរង់ចាំការដំណើរការ ជើងហោះហើរត្រង់ឡើងវិញពេញលេញ ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ហើយក្រុមហ៊ុនអាកាសចរណ៍ទាំងសងខាង ក៏បានដាក់ពាក្យស្នើសុំការហោះហើរឡើងវិញ យ៉ាងសកម្មផងដែរ នេះបើតាមលោកស្រី Zhu Fenglian អ្នកនាំពាក្យការិយាល័យកិច្ចការកោះតៃវ៉ាន់។
លោកស្រី Zhu បានលើកឡើងថា បច្ចុប្បន្នអាជ្ញាធរអាកាសចរណ៍ ស៊ីវិលរបស់ចិនដីគោក បានអនុម័តផែនការហោះហើរ របស់ក្រុមហ៊ុនអាកាសចរណ៍ទាំងសងខាង សម្រាប់រដូវក្តៅ និងរដូវស្លឹកឈើជ្រុះ ដែលមានចំនួនជើងហោះហើរ ឆ្លងកាត់ច្រកសមុទ្រចំនួន ៧៩៤ខ្សែក្នុងមួយសប្តាហ៍ កើនឡើង ២៦,៦២ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។
លោកស្រី Zhu បានបន្ថែមថា ការបង្កើនជើងហោះហើរត្រង់ឆ្លងកាត់ច្រកសមុទ្រ នឹងជួយសម្រួលដល់ការធ្វើដំណើរ របស់ជនរួមជាតិតៃវ៉ាន់ទៅកាន់ និងមកពីដីគោក និងជំរុញការផ្លាស់ប្តូរឆ្លងច្រកសមុទ្រ ក្រៅប្រព័ន្ធក្នុងវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ព្រមទាំងវប្បធម៌ និងទំនៀមទម្លាប់ប្រជាប្រិយ ក្នុងចំណោមព្រឹត្តិការណ៍ផ្សេងៗ ត្រូវបានរៀបចំឡើងនៅកន្លែងផ្សេងៗគ្នា។
នៅពេលត្រូវបានសួរអំពីជំហររបស់ដីគោក លើការរំពឹងទុករបស់ជនរួមជាតិតៃវ៉ាន់ សម្រាប់ការចាប់ផ្តើមឡើងវិញនូវសេវា ដឹកអ្នកដំណើរតាមសមុទ្រផ្ទាល់ លោកស្រី Zhu បានលើកឡើងថា “យើងយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះបញ្ហានេះ ហើយបានរៀបចំយ៉ាងពេញលេញ” ។
ដោយកត់សម្គាល់ថា ផ្លូវដឹកជញ្ជូនអ្នកដំណើរតាមសមុទ្រទាំង៥ រវាងដីគោក និងតៃវ៉ាន់ ត្រូវបានផ្អាកតាំងពីខែកុម្ភៈ ឆ្នាំ២០២០ ដោយសារជំងឺរាតត្បាតកូវីដ-១៩ លោកស្រី Zhu បានលើកឡើងថា មិនមានឧបសគ្គណាមួយពីភាគីដីគោក ចំពោះការបន្តការដឹកជញ្ជូនអ្នកដំណើរ តាមសមុទ្រធម្មតារវាងភាគីទាំងពីរនោះទេ ដោយជំរុញឱ្យអាជ្ញាធរបក្សវឌ្ឍនភាពប្រជាធិបតេយ្យតៃវ៉ាន់ស្តាប់ប្រជាជន និងឆ្លើយតបជាវិជ្ជមាន ៕
ប្រែសម្រួល ឈូក បូរ៉ា