ព័ត៌មានអន្តរជាតិ

ចិន​ត្រៀម​ខ្លួន​ជំរុញ​ កិច្ចសហប្រតិបត្តិការ​យោធា​ ជាមួយ​រុស្ស៊ី ក្នុងពេលអាមេរិកមើលឃើញថា ទំនាក់ទំនងនេះជាបញ្ហាប្រឈមខ្លាំង

បរទេស៖ អ្នកនាំពាក្យក្រសួងការពារជាតិចិន លោក Tan Kefei បាននិយាយនៅព្រហស្បតិ៍ថា ប្រទេសចិនត្រៀមខ្លួនជាស្រេច ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយយោធារុស្ស៊ី ដើម្បីរួមគ្នាលើកកម្ពស់យុត្តិធម៌អន្តរជាតិ សន្តិភាព និងសន្តិសុខ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា ការ​ប្រកាស​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ ជំនួប​កំពូល​រវាង​លោក​ប្រធានាធិបតី Xi Jinping និង​សមភាគី​រុស្ស៊ី​លោក Vladimir Putin នៅ​ក្នុង​ទីក្រុង​មូស្គូ​កាល​ពី​ដើម​ខែ​នេះ។ មេដឹកនាំទាំងពីរបានអះអាងសារជាថ្មីនូវ គោលការណ៍នៃភាពជាដៃគូរវាងប្រជាជាតិរបស់រុស្ស៊ី និងចិន ហើយបានយល់ព្រមធ្វើឱ្យ ប្រសើរឡើងនូវទំនាក់ទំនងទ្វេភាគី និងការសម្របសម្រួលផ្នែកយោធា។

យោងតាមលោក Tan, ប្រទេសចិន “មានឆន្ទៈធ្វើការរួមគ្នាជាមួយយោធារុស្ស៊ី ដើម្បីអនុវត្តឱ្យបានពេញលេញ នូវការឯកភាពដ៏សំខាន់ ដែលប្រមុខរដ្ឋទាំងពីរសម្រេចបាន” ។ លោកបានបន្ថែមថា នោះរួមបញ្ចូលទាំងការពង្រឹង ទំនាក់ទំនងជាយុទ្ធសាស្រ្ត និងការសម្របសម្រួលបន្ថែមទៀត។

ផ្នែកការទូតបានលើកឡើងថា ប្រទេសទាំងពីរគ្រោងនឹងរៀបចំ ជាទៀងទាត់នូវការល្បាតដែនសមុទ្រ និងដែនអាកាសរួម ក៏ដូចជាការធ្វើសមយុទ្ធហ្វឹកហ្វឺន និងការពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យផ្សេងៗជាច្រើនទៀត។ យោងតាមលោក Tan គោលបំណងគឺ “ពង្រឹងទំនុកចិត្តគ្នាទៅវិញទៅមកខាងយោធា” ជាមួយរុស្ស៊ី ដើម្បីជួយធានាយុត្តិធម៌អន្តរជាតិ និងរួមចំណែកថ្មីដល់សន្តិសុខអន្តរជាតិ និងតំបន់។ លោក​បាន​អះអាង​ថា នេះ​នឹង​«បម្រើ​ការ​កសាង​សហគមន៍ ​មួយ​ជាមួយ​នឹង​អនាគត​រួម​សម្រាប់​មនុស្សជាតិ»។

ទន្ទឹម​នឹង​នេះ សហរដ្ឋ​អាមេរិក​បាន​ហៅ​ទំនាក់​ទំនង​ ដែល​កំពុង​កើន​ឡើង​រវាង​រុស្ស៊ី និង​ចិន​ថា​ជា​បញ្ហា​ខ្លាំង​ ដោយ ក្រុមមន្ត្រីក៏បានពណ៌នាប្រទេសចិនថាជា “បញ្ហាប្រឈម” ដោយមន្ទីរបញ្ចកោណបាន ស្នើសុំថវិកាការពារជាតិឆ្នាំ ២០២៤ រហូតដល់ ៨៤២ពាន់លានដុល្លារ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top